មនុស្សរាប់រយនាក់បានបាត់ខ្លួននៅថ្ងៃអាទិត្យនេះ បន្ទាប់ពីទូកមួយបានលិចនៅជិតព្រំដែនថៃ-ម៉ាឡេស៊ី ខណៈអ្នករស់រានមានជីវិតចំនួន ១០ នាក់ និងសាកសពម្នាក់ត្រូវបានរកឃើញ នេះបើយោងតាមអាជ្ញាធរដែនសមុទ្រម៉ាឡេស៊ី។

លោកឧត្តមនាវីឯក Romli Mustafa នាយកអាជ្ញាធរដែនសមុទ្រនៃរដ្ឋ Kedah និង Perlis ភាគខាងជើងប្រទេសម៉ាឡេស៊ី បាននិយាយថា ជនរងគ្រោះជាច្រើនទៀតអាចនឹងនៅតែត្រូវបានរកឃើញនៅលើសមុទ្រប្រហែលបីថ្ងៃបន្ទាប់ពីការលិចទូក ដែលបានចាកចេញពីទីក្រុង Buthidaung ប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងមនុស្សប្រហែល ៣០០ នាក់នៅលើទូកនោះ។

ក្នុងចំណោមអ្នករស់រានមានជីវិតដែលត្រូវបានរកឃើញនៅក្នុងដែនទឹក Langkawi មានបុរសមីយ៉ាន់ម៉ាបីនាក់ បុរសជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីរនាក់ និងបុរសបង់ក្លាដែសម្នាក់ ចំណែកសាកសពម្នាក់នោះ គឺជាស្ត្រីរ៉ូហ៊ីងយ៉ា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Bernama ដោយដកស្រង់សម្តីលោក Adzli Abu Shah អធិការនគរបាលប្រចាំរដ្ឋ Kedah របស់ម៉ាឡេស៊ី។
សមាជិកនៃក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលភាគច្រើនកាន់សាសនាអ៊ីស្លាម តែងតែរត់គេចខ្លួនពីសហភាពមីយ៉ាន់ម៉ាដែលភាគច្រើនកាន់សាសនាព្រះពុទ្ធ ជាកន្លែងដែលពួកគេត្រូវបានគេមើលឃើញថាជាជនបរទេសមកពីអាស៊ីខាងត្បូង ដែលត្រូវបានបដិសេធសញ្ជាតិពីសំណាក់មីយ៉ាន់ម៉ា និងប្រឈមនឹងការរំលោភបំពាន៕