ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងសហការី បាននាំយកស្រូវពូជចំនួន ២៩,៩ តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនប្រជាកសិករចំនួន ២៩៩គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង ខេត្តតាកែវ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសសេរឱ្យដឹងថារាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយពុកម៉ែបងប្អូនប្រជាកសិករគ្រប់កាលៈទេសៈ នៅពេលខ្វះទឹកជួយដោះស្រាយទឹកជូន ពេលខូចខាតដោយសារទឹកជំនន់ជួយចែកស្រូវពូជជូន ហើយដល់ពេលប្រមូលផល ជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែមិនឱ្យកកស្ទះរហូតដល់ខូចខាតស្រូវរបស់ប្រជាកសិករឡើយ៕
