កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមនឹងមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២៥និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទនៅវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា ជាមួយនិងដំណើរនៃការវិវត្តមកទល់សព្វថ្ងៃ ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធា រស់នៅសុខដុមរមនីយកម្មគឺសុទ្ធតែក្រោមការលះបង់របស់ប្រមុខថ្នាក់ដឹកនាំនិងឥស្សរជន វិរជនរបស់ជាតិ ក្នុងនោះក៏ក្រោមការលះបង់ព្រះកាយពល និងព្រះបញ្ញាញាណរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋក្នុងការទាមទារឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៣។ស្នាព្រះហស្ថនិងព្រះរាជ បូជនីយកិច្ចដ៏ឧត្តុង្គ ឧត្តម ដ៏អង់អាចក្លាហាននិងជាមហាបុរសរដ្ឋដ៏ឆ្នើមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋបានក្លាយជាប្រវត្តិសាស្ត្រនិងកំពុងដក់ក្នុងបេះដូងប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់រូបមកទល់សព្វថ្ងៃ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ក្រោយពីទទួលបានឯករាជ្យ ប្រទេសកម្ពុជាបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យក្នុងសម័យសង្គមរាស្ត្រនិយម តែជាអកុសលក្រោយរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ធ្វើឱ្យមាតុភូមិកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏រាំរៃជិត៣ទសវត្ស ប្រទេសជាតិជួបប្រទះតែអសន្ដិសុខ និងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានធ្វើឱ្យកម្ពុជាមានសុខសន្ដិភាពពេញលេញឡើងវិញនិងមានឱកាសអភិវឌ្ឍប្រទេសចាប់ពីចំណុចសូន្យរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្ដែងខេត្តកំពង់ស្ពឺដែលជាសមរភូមិក្តៅ ជាសមរភូមិប្រឈមដាក់គ្នាដោយចុងអាវុធដើម្បីដោះដូរអំណាច ប្រជាពលរដ្ឋគ្មានឱកាសក្នុងការរកស៊ីទទួលទាន បានប្រែមុខមាត់ទៅជាខេត្តដែលមានការអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្មបាននិងកំពុងមានការលូតលាស់គួរឱ្យកត់សម្គាល់និងកំពុងធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តនេះមានការរីកចម្រើន ធូរធា តាមរយៈការផ្តល់ឱកាសការងារនិងកំណើនថ្លៃនៃវិស័យអចលនទ្រព្យ។
ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ជាមួយនិងការអភិវឌ្ឍន៍អត់ឈប់ឈរ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅយ៉ាងសុខដុមរមនា ជាមហាគ្រួសារតែមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងអំពីនិន្នាការនយោបាយ អតីតកាលដើមកំណើត ជាតិ ជំនឿ សាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការចូលរួមកសាងមាតុភូមិកម្ពុជា។ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះបានបង្ហាញថា កម្ពុជាកំពុងតែស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយនៃការអភិវឌ្ឍន៍ខ្លួន ហើយកំពុងតែឈានទៅមុខយ៉ាងស្វាហាប់ តាមទិសដៅដ៏ត្រឹមត្រូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ប្រកបដោយក្តីសង្ឃឹមក្រោមការដឹកនាំនាវាកម្ពុជាប្រកបដោយបញ្ញាញាណ និងនវានុវត្តន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ អត្ថបទបាន សុខរិទ្ធិ








