ប្រជាជនរាប់ម៉ឺននាក់ នៅរដ្ឋធានីប្រទេសព័រទុយហ្គាល់ បានចេញតវ៉ាតាមដងផ្លូវកាលពីថ្ងៃសៅរ៍ (៨ វិច្ឆិកា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ពលកម្ម ដែលស្នើឡើងដោយរដ្ឋាភិបាលកណ្តាលនិយមស្តាំរបស់ប្រទេសនេះ។

ការតវ៉ាត្រូវរៀបចំឡើងដោយសហជីពការងារដ៏សំខាន់របស់ប្រទេស ដើម្បីប្រឆាំងនឹងការរុះរើច្បាប់ពលកម្ម ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Luis Montenegro និយាយថា មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងភាពបត់បែនក្នុងទីផ្សារការងារ។ ប៉ុន្តែក្រុមប្រឆាំង ដែលចង់លុបចោលកញ្ចប់កំណែទម្រង់ បានអះអាងថា សំណើនេះគំរាមកំហែងដល់សិទ្ធិកម្មករ។
ហ្វូងបាតុករបានកាន់ផ្ទាំងបដា ដែលសរសេរពាក្យតវ៉ាថា "និយាយថា ទេ ចំពោះកំណែទម្រង់ពលកម្ម" ហើយបានអំពាវនាវឱ្យដំឡើងប្រាក់ខែដល់បុគ្គលិកជំនួសវិញ។ គួរឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់ព័រទុយហ្គាល់ បច្ចុប្បន្ន មានចំនួន ៨៧០អឺរ៉ូ ឬប្រហែល ១.០០៧ដុល្លារ ក្នុងមួយខែ ហើយបាតុករបានទាមទារឱ្យដំឡើងដល់ ១.០៥០អឺរ៉ូ ឬ ១.២១៤ ដុល្លារ នៅក្នុងឆ្នាំ២០២៦។
លើសពីនេះ កំណែទម្រង់ដែលបាតុករជំទាស់នេះ នឹងធ្វើឱ្យការបណ្តេញបុគ្គលិក កាន់តែងាយស្រួល ហើយមានចំណុចដ៏ចម្រូងចម្រាសទាក់ទងនឹងសិទ្ធិស្រ្តីផ្សេងទៀត រួមមាន ដែនកំណត់លើកាលវិភាគការងារសម្រាប់ស្ត្រីបំបៅដោះកូន និងបន្ថយការឈប់សម្រាកការងារក្រោមមូលហេតុរលូតកូនជាដើម។ អ្នករៀបចំការតវ៉ានៅថ្ងៃសៅរ៍នោះ បានប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស នៅថ្ងៃទី១១ ខែធ្នូ នាពេលខាងមុខ៕


