ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ២៥ ពាន់លានដុល្លារ ខណៈការនាំចូលទំនិញមានទឹក ប្រាក់សរុបជិត ២៧ ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៥២,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦% បើប្រៀបធៀបរយៈពេល ១០ ខែ ឆ្នាំ២០២៤ (មានត្រឹមជាង ៤៥ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។
ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល ១០ ខែនេះដែរ, ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញររបស់កម្ពុជា ទៅ កាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបប្រមាណជិត ២៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៥% បើប្រៀបធៀបរយៈពេល ១០ ខែ ឆ្នាំ២០២៤ (ដែលមានចំនួនជាង ២១ ពាន់លានដុល្លារអាម៉េរិក)។ ចំណែកការនាំចូលទំនិញវិញឃើញថា មានទឹកប្រាក់ សរុបជាង ២៧ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៧% ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន (មានទឹកប្រាក់ជាង ២៣ ពាន់លាន ដុល្លារអាម៉េរិកប៉ុណ្ណោះ)។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ ក្នុងនោះជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល) ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៥នេះ មានតម្លៃខុសគ្នាបន្តិចបន្ទួច ដែលនេះបានបង្ហាញឱ្យឃើញពីការរប្រកួតប្រជែង មានតុល្យភាពប្រហាក់ប្រហែលគ្នា ជាពិសេសបានបង្ហាញអំពីទំនោរនៃការនាំចេញរបស់កម្ពុជាមានកំណើនល្អប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី,