ក្រុមព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងទ្វេបក្សកាលពីថ្ងៃអាទិត្យ ដែលនឹងបន្តឡើងវិញនូវ មូលនិធិសហព័ន្ធ និងបញ្ចប់ការបិទរដ្ឋាភិបាល ដែលបានអូសបន្លាយក្នុងរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្ររហូតដល់៤០ ថ្ងៃ និងបានបង្ខំឲ្យផ្អាកប្រតិបត្តិការជាច្រើនរបស់រដ្ឋាភិបាល ។

កិច្ចព្រមព្រៀងរវាងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដែលគ្រាន់តែជាជំហានដំបូងដើម្បីបញ្ឈប់ការបិទទ្វាររដ្ឋាភិបាល នៅពេលនេះ បានកើតឡើងនៅពេលក្រុមអាជ្ញាធរបានព្រមានថាការធ្វើដំណើរតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកអាចនឹង ថយចុះបន្តិចម្តងៗ ក្នុងពេលឆាប់ៗនេះ ខណៈជើងហោះហើររាប់ពាន់ជើងទៀតត្រូវបានលុបចោល ឬពន្យារពេលកាលពីចុងសប្តាហ៍នេះ ។
សារព័ត៌មានជាច្រើនរួមទាំង CNN និង Fox News បានរាយការណ៍ថា ក្រុមសមាជិសភា បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ខែមករា បន្ទាប់ពីមានការជជែកដេញដោលគ្នាលើការឧបត្ថម្ភធនថែទាំសុខភាព អត្ថប្រយោជន៍អាហារ និងការបណ្តេញបុគ្គលិកសហព័ន្ធរបស់ប្រធានាធិបតី Donald Trump។
នៅពេលទទួលបានព័ត៌មានពីការទម្លាយភាពជាប់គាំងនេះ លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលលោកបានមកដល់សេតវិមានបន្ទាប់ពីចុងសប្តាហ៍នៅឯគេហដ្ឋានលំហែកាយ Mar-a-Lago របស់លោកនៅរដ្ឋ Florida ថា នៅពេលនេះទំនងណាស់ថា ពួកលោកកំពុងខិតជិតដល់ទីបញ្ចប់នៃការបិទទ្វាររដ្ឋាភិបាលហើយ៕

