សេតវិមាននិយាយថា រថយន្តជំនួយជិត១៥.០០០គ្រឿងដែលដឹកទំនិញពាណិជ្ជកម្ម និងជំនួយមនុស្សធម៌បានចូលទៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី១០ ខែតុលា ប៉ុន្តែពលរដ្ឋប៉ាឡេស្ទីន និងក្រុមផ្តល់ជំនួយ បានជំទាស់យ៉ាងខ្លាំងចំពោះតួលេខនេះ។
អ្នកនាំពាក្យសេតវិមានលោក Dylan Johnson បានប្រាប់សារព័ត៌មាន Al Jazeera កាលពីថ្ងៃអាទិត្យថា ជាមធ្យមរថយន្តដឹកជំនួយចំនួន ៦៧៤ គ្រឿងបានចូលក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន។

លោកបាននិយាយថា បុគ្គលិកមនុស្សធម៌ «បានចូលទៅដល់ប្រជាជនជាងមួយលាននាក់ដោយមានកញ្ចប់អាហារតាមផ្ទះ ចាប់តាំងពីថ្ងៃទី១០ ខែតុលា» ខណៈផលិតកម្មអាហារនៅក្នុងតំបន់ហ្កាហ្សា បានកើនឡើង៨២ភាគរយ ចាប់តាំងពីចុងខែកញ្ញា។
លោក Johnson និយាយថា «ស៊ុត មាននៅលើធ្នើក្នុងតំបន់ហ្កាហ្សាជាលើកដំបូងចាប់តាំងពីខែកុម្ភៈ» នៅពេលអ៊ីស្រាអែល បានចាប់ផ្តើមការរារាំងជាទូទៅនៃជំនួយមនុស្សធម៌ទាំងអស់ចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ។ លោក Johnson និយាយថា «សហរដ្ឋអាមេរិកកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រដើម្បីដោះស្រាយតម្រូវការសំខាន់ៗរបស់ពលរដ្ឋហ្កាហ្សានាពេលនេះ» ដោយទទូចថារដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្តេជ្ញាប្រព្រឹត្តចំពោះពលរដ្ឋប៉ាឡេស្ទីន «ដោយសេចក្តីថ្លៃថ្នូរ និងការគោរព»។
