អង្គការវេជ្ជសាស្រ្ដស៊ូដង់ បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ថា បានចូលរួមក្នុង «ការប៉ុនប៉ងដ៏ឃោឃៅ» ដើម្បីបិទបាំងភស្តុតាងនៃការសម្លាប់រង្គាលនៅទីក្រុង Darfur ដោយការដុតសាកសព ឬកប់ពួកគេ នៅក្នុងផ្នូរធំៗ។

បណ្តាញវេជ្ជបណ្ឌិតស៊ូដង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមទាហានប៉ារ៉ាកំពុងប្រមូល «សាកសពរាប់រយ» ពីផ្លូវនានាក្នុងទីក្រុង el-Fasher តំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ បន្ទាប់ពីការចូលកាន់កាប់ទីក្រុងកាលពីថ្ងៃទី២៦ ខែតុលា ដោយនិយាយថាឧក្រិដ្ឋកម្មរបស់ក្រុមនេះ មិនអាច «បំបាត់បានឡើយ តាមរយៈការបិទបាំង ឬដុតសាកសព» ។

បណ្តាញគ្រូពេទ្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «អ្វីដែលបានកើតឡើងនៅក្នុងទីក្រុង el-Fasher ពុំមែនជាឧបទ្ទវហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែជាជំពូកមួយផ្សេងទៀតនៅក្នុងអំពើប្រល័យពូជសាសន៍ពេញលេញដែលអនុវត្តដោយកងកម្លាំងគាំទ្ររហ័ស(RSF) ដោយបំពានលើបទដ្ឋានអន្តរជាតិ និងសាសនា ដែលហាមឃាត់ការបំផ្លាញសាកសព និងធានាបានថាសាកសពអ្នកស្លាប់ត្រូវបានបញ្ចុះដោយសេចក្តីថ្លៃថ្នូរ»។
អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុប៨២.០០០នាក់នៅទីក្រុង el-Fasher ក្នុងចំណោមប្រជាជន២៦០.០០០នាក់ បានភៀសខ្លួនបន្ទាប់ពីកងកម្លាំង RSF បានដណ្តើមយកបន្ទាយយោធាស៊ូដង់ចុងក្រោយនៅក្នុងតំបន់ ក្នុងពេលមានរបាយការណ៍អំពីការសម្លាប់រង្គាល ការរំលោភ និងការធ្វើទារុណកម្ម។