នៅថ្ងៃច័ន្ទនេះ គឺជាខួបមួយខែចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសចូលជាធរមាន។ ពេលនេះការយកចិត្តទុកដាក់គឺផ្តោតសំខាន់លើថា តើបទឈប់បាញ់អាចបន្តរក្សាបាន និងវឌ្ឍនភាពអាចទទួលបាននៅក្នុងផែនការសន្តិភាពដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែរឬយ៉ាងណា។

បទឈប់បាញ់បានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែតុលា ដោយផ្អែកលើផែនការសន្តិភាព។ ប៉ុន្តែយោធាអ៊ីស្រាអែលបានបំពានបទឈប់បាញ់ ហើយបានបើកការវាយប្រហារជាបន្តបន្ទាប់លើតំបន់ហ្កាហ្សា ដោយចោទក្រុមហាម៉ាសថា បានបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មនុស្សជាង២៤០នាក់បានបាត់បង់ជីវិតនៅក្នុងដែនដីនេះ ចាប់តាំងពីការចាប់ផ្តើមបទឈប់បាញ់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធភាគខាងត្បូង។

អ៊ីស្រាអែល កំពុងទាមទារឲ្យក្រុមហាម៉ាសប្រគល់ចំណាប់ថ្នូរដែលបានស្លាប់ចំនួន៤នាក់ដែលនៅសល់ ចុងក្រោយ។ ប៉ុន្តែក្រុមហាម៉ាសនិយាយថា ការកំណត់ទីតាំងសាកសពមួយចំនួនគឺពិបាក ដោយសារតែនៅកប់ក្រោមគំនរបាក់បែក។ ដំណាក់កាលទីពីរនៃផែនការសន្តិភាព អំពាវនាវឱ្យមានការកាត់រំសាយអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា។ វាក៏ស្វែងរកការដាក់ពង្រាយកងកម្លាំងស្ថេរភាពអន្តរជាតិនៅក្នុងដែនដីនេះផងដែរ។ ទោះបីជាយ៉ាងណា ក្រុមហាម៉ាស ហាក់ដូចជាស្ទាក់ស្ទើរក្នុងការទទួលយកការរំសាយអាវុធ និងការដាក់ពង្រាយកម្លាំងសន្តិសុខ។