នគរបាល និងរដ្ឋមន្ត្រីមហាផ្ទៃរបស់ស្លូវ៉ាគី បាននិយាយថា រថភ្លើងពីរគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសនេះ កាលពីល្ងាចថ្ងៃអាទិត្យ (៩ វិច្ឆិកា) បន្ទាប់ពីរថភ្លើងទីមួយ បានបើកបុកពីក្រោយ ទៅប៉ះកន្ទុយរថភ្លើងមួយទៀត បណ្តាលឱ្យអ្នកដំណើររាប់សិបនាក់រងរបួស។

ថ្លែងនៅទីតាំងកើតហេតុ រដ្ឋមន្ត្រីមហាផ្ទៃ លោក Matus Sutaj Estok បាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួសស្រាល និងប្រមាណ ១១នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់នេះទេ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅច្រករបៀងរវាងរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) និងទីក្រុង Pezinok ចម្ងាយ ២០គីឡូម៉ែត្រ ភាគឦសាននៃប្រទេស។ នគរបាលស្លូវ៉ាគី បាននិយាយលើបណ្ដាញសង្គមហ្វេសប៊ុកថា "យោងតាមព័ត៌មានបឋម ការប៉ះទង្គិចនេះមិនមែនកើតឡើងរវាងក្បាលរថភ្លើងទេ (សំដៅលើរថភ្លើងមកពីទិសបញ្រ្ចាសគ្នា) ហើយក៏មិនមែនមកពីរថភ្លើងបើកធ្លាក់ផ្លូវជ្រុលទៅបុកម្ខាងទៀតដែរ"។
ឧបទ្ទវហេតុនេះគឺជាលើកទីពីរហើយនៅក្នុងប្រទេសស្លូវ៉ាគី ត្រឹមតែរយៈពេលមួយខែកន្លងទៅ ដោយកាលពីថ្ងៃទី១៣ តុលា មានរថភ្លើងពីរគ្រឿងបានបុកគ្នានៅភាគខាងកើតប្រទេស បណ្តាលឱ្យមនុស្សជាង ៩០នាក់ រងរបួស៕

