ភាគហ៊ុនសកល បានមើលឃើញកំណើននៅថ្ងៃចន្ទ (១០ វិច្ឆិកា) នេះ ដោយសារសុទិដ្ឋិនិយមថា ទីបញ្ចប់នៃការបិទរដ្ឋាភិបាលជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កំពុងខិតជិតមកដល់ហើយ ខណៈប្រាក់ដុល្លារកំពុងធ្លាក់ចុះយ៉ាងខ្លាំង ពីកំណើនសប្តាហ៍មុន។
ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអាទិត្យ បានឆ្ពោះទៅមុខលើវិធានការមួយ ក្នុងគោលបំណងបើករដ្ឋាភិបាលសហព័ន្ធឡើងវិញ និងបញ្ចប់ភាពជាប់គាំង ៤០ថ្ងៃ ដែលប៉ះពាល់បុគ្គលិកសហព័ន្ធ ពន្យារពេលជំនួយស្បៀងអាហារ និងបង្កចលាចលក្នុងការធ្វើដំណើរតាមផ្លូវអាកាស។

ក្ដីសង្ឃឹមនេះបានជួយជំរុញឱ្យភាគហ៊ុនអាមេរិក Nasdaq កើនឡើង ១,២% ខណៈសន្ទស្សន៍ S&P 500 ក៏រំកិលទៅមុខ ០,៧% ផងដែរ។ ភាគហ៊ុនអឺរ៉ុប EUROSTOXX 50 និងសន្ទស្សន៍ DAX បានកើនឡើងច្រើនជាង ១% រៀងគ្នា ខណៈហ៊ុន FTSE មើលឃើញកំណើន ០,៨៥% ។

សន្ទស្សន៍ដ៏ទូលំទូលាយរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ខាងក្រៅប្រទេសជប៉ុន បានកើនឡើង ១% ហើយសន្ទស្សន៍ Nikkei របស់ជប៉ុន ដើរទៅមុខ ០,៩៧%។ លោកស្រី Charu Chanana ប្រធានយុទ្ធសាស្រ្តវិនិយោគសកលនៅស្ថាប័ន Saxo និយាយថា "ទីផ្សារអាចឃើញការធូរស្រាលឡើងវិញក្នុងរយៈពេលខ្លី ប៉ុន្តែភាពប្រែប្រួលទំនងជានឹងបន្ត រហូតដល់មានដំណោះស្រាយច្បាស់លាស់មួយ"។
គួរបញ្ជាក់ថា ប្រសិនបើនៅទីបំផុត ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់បើករដ្ឋាភិបាលឡើងវិញបាន ក៏កញ្ចប់នេះនៅតែត្រូវអនុម័តដោយសភាតំណាងរាស្រ្តមួយជុំទៀត ហើយបន្ទាប់មក ត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី Donald Trump ចុះហត្ថលេខា ដោយដំណើរការនេះអាចចំណាយពេលជាច្រើនថ្ងៃ៕