បាល់ឱប៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំកម្មវិធី Reconnect ដែលជាការប្រកួតពាក់កណ្ដាលរដូវកាលផ្ដោតលើយុវជនអាយុក្រោម ១៦ឆ្នាំដើម្បីអភិវឌ្ឍន៍កីឡាករ-កីឡាការិនីវ័យក្មេងសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ី Asian Youth Games លើកទី៥ នៅកម្ពុជានាឆ្នាំ២០២៩ ខាងមុខ។

លោក លន់ សាមឌី អនុប្រធានសហព័ន្ធបានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលសហព័ន្ធរៀបចំកម្មវិធីនេះឡើង ក្រោមកិច្ចសហការជាមួយអង្គការ ChildFund Rugby ក្នុងគោលបំណងបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីឲ្យចេះរបៀបលេងបាល់ឱកាស ហើយឈានទៅអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេស ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធកីឡាបាល់ឱបអាស៊ី ដើម្បីក្លាយជាកីឡាករ-កីឡាការិនីអាជីពនាថ្ងៃអនាគត។ ទន្ទឹមជាមួយគ្នាលោក Chris Mastaglio នាយកអង្គការ ChildFund Rugby បានសម្ដែងការគាំទ្រ និងរីករាយក្នុងការសហការរៀបចំកម្មវិធីនេះឡើង ដើម្បីចែករំលែកទាំងចំណេះដឹងបាល់ឱបដល់កុមារ និងមន្ដ្រីបច្ចេកទេស ពិសេសលោកបានជំរុញឲ្យសហព័ន្ធពន្លឿនក្នុងការស្វែងរកនូវកីឡាករ-កីឡាការិនីវ័យក្មេងដែលមានសក្ដានុពល ដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេបន្ថែម ប្រសិនបើសហព័ន្ធចង់មានធនធានមានសមត្ថភាព សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ីនៅកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធី Reconnect ធ្វើឡើងរយៈពេល ១ថ្ងៃពេញនៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ដោយមាន ១៦ក្រុមចូលរួមក្នុងមានក្រុមកីឡាការិនី ៨ក្រុម។ ជាលទ្ធផលផ្នែកយុវជន ក្រុមរាជសីហ៍គ្រងជើងឯកក្រោយយកឈ្នះក្រុម Duck ដោយលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈផ្នែកនារី ជើងឯកបានទៅក្រុម Blue Sky ក្រោយយកឈ្នះក្រុមស្ដ្រីប្រយុទ្ធ ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ លី ឈុនឡា