ប្រធានាធិបតីលីបង់ លោក Joseph Aoun បានប្រាប់មន្ត្រីអាមេរិកកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោក កំពុងដោះស្រាយបញ្ហាការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើសមាជិកចំនួនបីនាក់របស់ក្រុមហេសបូឡា។

អ្នកទាំងបីនោះ ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ ដើម្បីផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធ ហេសបូឡានៅប្រទេសលីបង់ ដែលត្រូវបានសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀតចាត់ទុកថា ជាអង្គការភេរវកម្ម។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក ទៅកាន់ទីក្រុងបេរូត ដែលដឹកនាំដោយនាយកជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងភេរវកម្ម លោក Sebastian Gorka បានកើតឡើង នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការ ដើម្បីកាត់ផ្តាច់មូលនិធិរបស់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយរដ្ឋាភិបាលលីបង់កំពុងព្យាយាមដកហូតអាវុធពីក្រុមនេះ។
ក្រុមហេសបូឡា ត្រូវបានចុះខ្សោយយ៉ាងខ្លាំង នៅក្នុងសង្គ្រាមថ្មីៗបំផុតរបស់ខ្លួន ជាមួយអ៊ីស្រាអែល ដែលត្រូវបានបញ្ឈប់ដោយបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Aoun បាននិយាយថា៖«ប្រទេសលីបង់អនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការ ដែលបានអនុម័តដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ការរត់ពន្ធ ឬការប្រើប្រាស់លុយនេះ ក្នុងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើឧក្រិដ្ឋកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ»៕