សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល ១ម៉ោងកាលពីថ្ងៃសៅរ៍ថា ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែននឹងនាំឲ្យមានការឆ្លើយតបវិញយ៉ាងឆាប់រហ័ស និងភ្លាមៗពីលោកខាងលិច។

លោក Biden ក៏បាននិយាយដែរថា ទង្វើបែបនេះនឹងបង្កឱ្យមានការរងទុក្ខរីករាលដាលកាន់តែខ្លាំង និងកាត់បន្ថយជំហររបស់រុស្ស៊ីក្នុងពិភពលោក។ វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin បានប្រាប់ប្រធានាធិបតីអាមេរិកលោក Joe Biden ថា ទីក្រុងមូស្គូនឹងពិនិត្យមើលគំនិតដែលលោកបានដាក់ចេញ ដើម្បីដោះស្រាយការអំពាវនាវសន្តិសុខរបស់រុស្ស៊ីនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ប៉ុន្តែទោះជាយ៉ាងណា គំនិតទាំងនោះមិនបានដោះស្រាយក្ដីកង្វល់សំខាន់ៗរបស់ទីក្រុងមូស្គូនោះទេ។ មេដឹកនាំទាំង ២ បានសន្ទនាតាមទូរស័ព្ទក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីបញ្ចៀសអរិភាពទាំងឡាយមួយថ្ងៃបន្ទាប់ពីក្រុង Washington និងសម្ព័ន្ធមិត្តរបស់ខ្លួនបានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនអាចកើតមាននៅថ្ងៃណាមួយ។
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈខ្លួនបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តការពារដែនដីគ្រប់អ៊ីញរបស់អង្គការណាតូ (NATO) ថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែនគ្រប់ពេលវេលា និងអាចបង្កើតជាលេសដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ការវាយប្រហារនេះ។ មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក Biden បាននិយាយថា ការសន្ទនានេះគឺប្រកបដោយវិជ្ជាជីវ និងមានសារៈសំខាន់ក្នុងការវែកញែកគ្រប់បញ្ហាទាំងអស់ ដែលសហរដ្ឋអាមេរិកបានលើកឡើងជាសាធារណៈ ប៉ុន្តែបានបន្ថែមថា ពុំមានការផ្លាស់ប្ដូរជាមូលដ្ឋានទេ។ ប្រភពដដែលនោះបាននិយាយថា គេនៅតែមិនទាន់ច្បាស់ថា តើលោក Putin មានឆន្ទៈក្នុងការស្វែងរកផ្លូវការទូត ឬអត់៕
អត្ថបទ៖ សុខមាន