រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង នាថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះ បានចោទប្រកាន់ជាផ្លូវការ ចំពោះអតីតប្រធានាធិបតី លោក Yoon Suk Yeol ដែលជាការចេញបទចោទបន្ថែមពីបទរំលោភអំណាច និងជួយដល់រដ្ឋសត្រូវ ពាក់ព័ន្ធនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីឆ្នាំមុន។
អ្នកនាំពាក្យរបស់រដ្ឋអាជ្ញា បានប្រាប់សន្និសីទសារព័ត៌មានថា លោក Yoon បានប៉ុនប៉ងបង្កឲ្យមានជម្លោះយោធា រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងគោលបំណងប្រកាសច្បាប់អាជ្ញាសឹក ដោយបានដកស្រង់ភស្តុតាងដែលរកឃើញនៅលើទូរសព្ទដៃរបស់មន្ត្រីយោធា ដែលរួមមានពាក្យមួយចំនួនបង្ហាញពីលទ្ធភាពនៃការបង្កហេតុ ប្រឆាំងនឹងកូរ៉េខាងជើង ដូចជា «យានដ្រូន» និង «ការវាយប្រហារដាក់គោលដៅច្បាស់លាស់»។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែង កាលពីខែមេសា ហើយកំពុងស្ថិតក្នុងដំណើរការកាត់ទោសពីបទការបះបោរ ដែលផ្ដើមចេញពីការប្រកាសច្បាប់អាជ្ញាសឹកមិនជោគជ័យរបស់លោក។ ប្រសិនបើរកឃើញថា មានទោស លោកអាចនឹងត្រូវកាត់ទោសប្រហារជីវិត។
លោក Yoon បានប្រកែកជាប់ជានិច្ចថា លោកមិនដែលមានបំណងដាក់ចេញការគ្រប់គ្រងយោធានោះឡើយ ប៉ុន្តែបានប្រកាសច្បាប់អាជ្ញាសឹក ដើម្បីបង្ហាញជាសញ្ញាព្រមាន ចំពោះការធ្វើមិនត្រឹមត្រូវរបស់គណបក្សប្រឆាំង និងដើម្បីការពារលទ្ធិប្រជាធិបតេយ្យពីក្រុម «ប្រឆាំងរដ្ឋ»។
តែយ៉ាងណាក្ដី អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាពិសេស បានបញ្ជាក់បន្ថែមថា យោងតាមអនុស្សរណៈនេះ បង្ហាញថា លោក Yoon អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun និងអតីតប្រមុខចារកម្មយោធា លោក Yeo In-hyung មានគម្រោងពន្យុះឲ្យកូរ៉េខាងជើងវាយប្រហារកូរ៉េខាងត្បូង។
អ្នកស្រីបាននិយាយថា អ្នកទាំង៣ បានរួមគ្នាបង្កើតភាពតានតឹង ក្នុងប្រទេស ជាលក្ខខណ្ឌ ដើម្បីឲ្យលោក Yoon ប្រកាសច្បាប់អាជ្ញាសឹក។ រដ្ឋអាជ្ញាបានឲ្យដឹងទៀតថា លោក Kim និងលោក Yeo ក៏ត្រូវបានចោទប្រកាន់ជាផ្លូវការ ជុំវិញបទចោទបន្ថែមដូចគ្នាដែរ៕
