មន្ត្រីជាន់ខ្ពស់ទួរគី កាលពីយប់ថ្ងៃអាទិត្យ (ទី៩ ខែវិច្ឆិកា) បានឲ្យដឹងថា ទួរគីកំពុងធ្វើការ ដើម្បីធានាដល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃជនស៊ីវិលប្រមាណជា ២០០នាក់ ដែលជាប់ក្នុងផ្លូវរូងក្រោមដី នៅតំបន់ហ្កាហ្សា បន្ទាប់ពីបានជួយសម្រួលដល់ការវិលត្រឡប់វិញនៃសាកសពទាហានអ៊ីស្រាអែលដែលបានស្លាប់នៅទីនោះ កាលពីជាង ១ទសវត្សរ៍មុន។
ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានលើកឡើងនៅមុននេះថា ក្រុមយុទ្ធជនបានលាក់ខ្លួននៅក្នុងតំបន់ Rafah ដែលគ្រប់គ្រងដោយអ៊ីស្រាអែល នឹងមិនចុះចាញ់អ៊ីស្រាអែលឡើយ ហើយខ្លួនបានជំរុញឲ្យអ្នកសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលគំរាមកំហែងដល់បទឈប់បាញ់អាយុកាល ១ខែ។

ដោយឡែកកាលពីថ្ងៃទី៩ ខែវិច្ឆិកា អ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា ខ្លួនបានទទួលអដ្ឋិធាតុរបស់លោក Hadar Goldin ជាមន្ត្រីយោធាដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដ៏គួរភ្ញាក់ផ្អើល នៅតំបន់ហ្កាហ្សា អំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ឆ្នាំ២០១៤ បន្ទាប់ពីមានការប្រគល់ដោយកាកបាទក្រហម។
មន្ត្រីជាន់ខ្ពស់ទួរគីបាននិយាយថា ទួរគី «បានសម្របសម្រួលដោយជោគជ័យ ក្នុងការប្រគល់អដ្ឋិធាតុរបស់លោក Hadar Goldin ទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោយរយៈពេល ១១ឆ្នាំ» បន្ទាប់ពីមាន «ការប្រឹងប្រែងយ៉ាងខ្លាំង (ដែលឆ្លុះបញ្ចាំង) ការប្តេជ្ញាចិត្តច្បាស់លាស់របស់ក្រុមហាម៉ាស ចំពោះបទឈប់បាញ់»។
ហើយមន្ត្រីរូបនេះបានប្រាប់សារព័ត៌ Reuters បន្ថែមថា៖ «ក្នុងពេលជាមួយគ្នានេះ យើងកំពុងធ្វើការដើម្បីធានាឲ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃជនស៊ីវិលតំបន់ហ្កាហ្សាប្រមាណជា ២០០នាក់ដែលបច្ចុប្បន្នជាប់នៅក្នុងផ្លូវរូងក្រោមដី»៕
