សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់កងទ័ពរបស់ប្រទេសលីបង់ ដើម្បីជួយដល់ការអនុវត្តផែនការរំសាយអាវុធក្រុមសកម្មប្រយុទ្ធដែលត្រូវបានប្រកាសកាលពីខែសីហា ប៉ុន្តែមិនទាន់មានវឌ្ឍនភាពជាក់ស្តែងនៅឡើយ ចំពេលមានជម្លោះជាមួយកងជីវពលហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ NNA បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun បានបង្ហាញការត្រៀមខ្លួន ដើម្បីជួយប្រទេសរងគ្រោះដោយសង្គ្រាម រក្សាស្ថិរភាពសន្តិសុខ នៅភាគខាងត្បូង ដែលអ៊ីស្រាអែលតែងតែធ្វើការវាយប្រហារលើគោលដៅដែលគ្រប់គ្រងដោយក្រុមហេសបូឡា។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ការគាំទ្រនេះនឹងមានបំណងបញ្ចប់សកម្មភាពប្រដាប់អាវុធ និងអាចឲ្យអាជ្ញាធរគ្រប់គ្រងដែនដីលីបង់ទាំងមូល តែមិនបានបញ្ជាក់ពីប្រភេទនៃការគាំទ្រដែលសហរដ្ឋអាមេរិកអាចផ្តល់ឲ្យនោះទេ។
លោក Aoun បានទទួលគណៈប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិកដឹកនាំដោយលោក Sebastian Gorka ជំនួយការរងរបស់លោកប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯនិវេសនដ្ឋានប្រធានាធិបតីនៅជាយក្រុង Beirut។
ជាមួយគ្នានេះ លោក Aoun ដែលត្រូវបានតែងតាំងជាប្រធានាធិបតីកាលពីខែមករា បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ចប់សង្គ្រាមរយៈពេល ២ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅចុងឆ្នាំ២០២៤ បានរំលឹកឡើងវិញពីសារៈសំខាន់នៃការដាក់សម្ពាធឲ្យអ៊ីស្រាអែលបញ្ឈប់ «ការវាយលុកជាបន្តបន្ទាប់» លើប្រទេសលីបង់៕
