ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ទីក្រុងតេអេរ៉ង់បានប៉ុនប៉ងសម្លាប់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅម៉ិកស៊ិក ដោយពណ៌នាការអះអាងនេះថា ជា «ការលើកឡើងមិនសមហេតុផល»។
អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងបានយល់ថា ការអះអាងនេះ គឺគួរឲ្យអស់សំណើច និងមិនសមេហេតុផលទាល់តែសោះ» ដោយលោកបានបន្ថែមថា នេះគឺជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បី «បំផ្លាញទំនាក់ទំនងមិត្តភាពរបស់អ៊ីរ៉ង់ជាមួយប្រទេសដទៃទៀត»។

បន្ទាប់ពីមានការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក អំពីការប៉ុនប៉ងធ្វើឃាត ក្រសួងការបរទេសរបស់អ៊ីស្រាអែល បានថ្លែងអំណរគុណដល់អាជ្ញាធរម៉ិកស៊ិក «ដែលបានរារាំងបណ្តាញភេរវករដឹកនាំដោយអ៊ីរ៉ង់»។ ប៉ុន្តែក្រោយមកក្រសួងការបរទេសម៉ិកស៊ិក បានបញ្ជាក់ថា ខ្លួនមិនបានទទួលព័ត៌មាន អំពីគម្រោងការដែលត្រូវបានលើកឡើងនោះទេ ហើយស្ថានទូតអ៊ីរ៉ង់ នៅម៉ិកស៊ិក បានហៅវាថា ជា «ការកុហកដ៏ធំ»។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា វរជននៃកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ គឺ Quds Force បានចាប់ផ្តើមផែនការនេះ នៅចុងឆ្នាំ២០២៤ ហើយថា វាត្រូវបានរារាំងនៅដើមឆ្នាំនេះ។ ផែនការដែលត្រូវបានលើកឡើងនេះ បានពាក់ព័ន្ធនឹងការជ្រើសរើសបុគ្គលិកតាមរយៈស្ថានទូតអ៊ីរ៉ង់នៅប្រទេសវ៉េណេស៊ុយអេឡា ដែលប្រធានាធិបតីឆ្វេងនិយមរបស់ប្រទេសនេះ គឺលោក Nicolas Maduro បន្តរក្សាសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយក្រុងតេអេរ៉ង់៕
