វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) កំពុងធ្វើការយ៉ាងសកម្ម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសរុស្ស៊ី ហើយបានស្នើថា ប្រជាជនគួរតែកុំអើពើនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដែលថា លោកប្រហែលជាមិនពេញចិត្តនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនទេ។

លោក ឡាវរ៉ូវ អាយុ ៧៥ឆ្នាំ ជាអ្នកការទូតសម័យសូវៀត ដែលត្រូវបានគេស្គាល់ដោយសារទេពកោសល្យចរចាដ៏ប៉ិនប្រសប់របស់លោក បានអវត្តមានពីកិច្ចប្រជុំវិមានក្រឹមឡាំងដ៏ធំមួយ កាលពីសប្តាហ៍មុន ដែលជាធម្មតាលោកនឹងចូលរួម ហើយលោក ពូទីន បានជ្រើសរើសអ្នកផ្សេង ឲ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង នៅចុងខែនេះ ជាតួនាទីដែលលោក ឡាវរ៉ូវ បានបំពេញនាពេលកន្លងមក។
ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងកាលពីសុក្រ បានច្រានចោលពាក្យចចាមអារ៉ាមថា លោក ឡាវ រ៉ូវ បានមិនពេញចិត្តនឹងលោក ពូទីន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី និងលោក ដូណាល់ ត្រាំ ត្រូវបានពន្យារពេល កាលពីខែមុន៕
