បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នាយករដ្ឋមន្រ្តី លោក Viktor Orban បាននិយាយថា ប្រទេសហុងគ្រីបានធានាបាននូវកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពី «ខែលហិរញ្ញវត្ថុ» ដើម្បីការពារសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន។
លោក Orban ដែលជាសម្ព័ន្ធមិត្តដ៏យូរមកហើយរបស់លោក Trump បានជួបជាមួយលោកប្រធានាធិបតី នៅសេតវិមាន កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដើម្បីជំរុញឲ្យមានការលុបទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រេង និងឧស្ម័នរបស់រុស្ស៊ី ដោយទទួលបាននូវការលើកលែងរយៈពេល ១ឆ្នាំ។

មន្ត្រីសេតវិមានបានឲ្យដឹងថា ហុងគ្រីក៏បានប្តេជ្ញាទិញឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិកជាមួយនឹងកិច្ចសន្យាដែលមានតម្លៃប្រមាណជា ៦០០លានដុល្លារ។
នៅលើជើងហោះហើរត្រឡប់មកពីកិច្ចពិភាក្សានោះ ក្នុងវីដេអូមួយដែលត្រូវបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន index.hu កាលពីថ្ងៃអាទិត្យ (ទី៩ ខែវិច្ឆិកា) លោក Orban បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំក៏បានធ្វើផងដែរនូវកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ស្ដីពីខែលការពារហិរញ្ញវត្ថុ»។
លោកបានបន្ថែមថា៖ «ប្រសិនបើមានការវាយប្រហារពីខាងក្រៅណាមួយប្រឆាំងនឹងហុងគ្រី ឬប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ថ្នាក់ដឹកនាំអាមេរិកបានផ្តល់នូវពាក្យសន្យាយរបស់ពួកគេថា ក្នុងករណីបែបនេះ ពួកគេនឹងការពារស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសហុងគ្រី»៕
