មន្ត្រីជាន់ខ្ពស់របស់អេមីរ៉ាតអារ៉ាប់រួម បាននិយាយនៅថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះថា ប្រទេសអារ៉ាប់រួមមិនទាន់ឃើញក្របខ័ណ្ឌច្បាស់លាស់នៅឡើយទេ សម្រាប់កម្លាំងរក្សាស្ថិរភាពអន្តរជាតិដែលត្រូវបានស្នើឡើង នៅតំបន់ហ្កាហ្សា ហើយក្រោមកាលៈទេសៈបច្ចុប្បន្ននេះ នឹងមិនចូលរួមជាមួយនោះទេ។
លោក Anwar Gargash ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម បាននិយាយថា ទីក្រុង Abu Dhabi នឹងបន្តគាំទ្រកិច្ចប្រឹងប្រែងនយោបាយឆ្ពោះទៅរកសន្តិភាព និងនៅតែជាអ្នកផ្តល់ជំនួយមនុស្សធម៌ឈានមុខគេ។ លោកបានប្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ Abu Dhabi Strategic Debate ថា៖ «តំបន់នេះនៅតែផុយស្រួយ ប៉ុន្តែមានហេតុផល ដែលត្រូវមានសុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្ន»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលមានគោលបំណងបញ្ចប់អរិភាព រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយមានអេហ្ស៊ីប កាតា និងទួរគីជាអ្នកសម្រុះសម្រួលផងដែរ។
ទីក្រុងវ៉ាស៊ីនតោន បានធ្វើសេចក្ដីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលស្នើអាណត្តិរយៈពេល ២ឆ្នាំ សម្រាប់ស្ថាប័នអភិបាលកិច្ចអន្តរកាល និងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ នៅតំបន់ហ្កាហ្សា៕