វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុង «រៀបចំយ៉ាងសកម្ម» ដើម្បីត្រៀមសម្រាប់ការធ្វើទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin នៅប្រទេសឥណ្ឌា មុនដំណាច់ឆ្នាំនេះ ហើយសង្ឃឹមថា វានឹងជាដំណើរមួយប្រកបដោយផ្លែផ្កា។
យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា លោក Putin គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅឥណ្ឌា ក្នុងខែធ្នូ។ លោកបានធ្វើដំណើរទៅទីនោះចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០២១ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ មុនពេលលោកបានបញ្ជាកងទ័ពឲ្យចូលទៅក្នុងដែនដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងមូស្គូថា៖ «បច្ចុប្បន្នយើងកំពុងរៀបចំយ៉ាងសកម្ម សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសឥណ្ឌា»។
តែយ៉ាងណាក្ដី លោក Peskov បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងដែលអាចឈានដល់ អំឡុងទស្សនកិច្ចសនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានអំពាវនាវម្តងហើយម្តងទៀតដល់លោកនាយករដ្ឋមន្ត្រី Narendra Modi ឲ្យឥណ្ឌាឈប់ទិញប្រេងពីរុស្ស៊ី។ ឥណ្ឌាជាប្រទេសទិញប្រេងធំបំផុតជាងគេមួយរបស់រុស្ស៊ី៕