មន្ត្រីជាន់ខ្ពស់ ២រូប បានប្រាប់ឲ្យដឹងថា ប្រទេសស៊ីរីបានកម្ចាត់គម្រោងរបស់ក្រុម ISIS ដាច់ដោយឡែកពីគ្នាចំនួន ២ ដែលរៀបចំឡើងក្នុងគោលបំណងធ្វើឃាតប្រធានាធិបតី លោក Ahmed al-Sharaa ដោយការប៉ុនប៉ងនេះបានជួយជំរុញបន្ថែមដល់អារម្មណ៍ផ្ទាល់ខ្លួន ចំពោះផែនការរបស់មេដឹកនាំរូបនេះ ក្នុងការចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលលោកបានប្រយុទ្ធជាមួយជាយូរមកហើយ។
ប្រភព ដែលម្នាក់ជាមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ស៊ីរី និងមា្នក់ទៀតជាមន្ត្រីជាន់ខ្ពស់តំបន់មជ្ឈិមបូព៌ា បាននិយាយថា ផែនការយកជីវិតរបស់លោក al-Sharaa ត្រូវបានកម្ចាត់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយបានគូសបញ្ជាក់ពីការគំរាមកំហែងដោយផ្ទាល់ដែលមេដឹកនាំស៊ីរីប្រឈមជាមួយ ខណៈដែលលោកព្យាយាមបង្រួបបង្រួមអំណាច នៅក្នុងប្រទេសដែលត្រូវបានបំផ្លាញដោយសង្គ្រាមស៊ីវិលរយៈពេល ១៤ឆ្នាំ។
ប្រភពបាននិយាយថា សម្រាប់ករណីមួយ ផែនការរបស់ក្រុម ISIS គឺផ្តោតលើការចូលរួមជាផ្លូវការដែលត្រូវបានប្រកាសជាមុន ពាក់ព័ន្ធនឹងលោក al-Sharaa តែយ៉ាងណាក្ដី ប្រភពបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ ដោយសារតែភាពរសើបនៃបញ្ហានេះ។ ក្រសួងព័ត៌មានស៊ីរីបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ជុំវិញការលើកឡើងពីគ្រោងការថ្វើឃាតនេះ។
ផែនការដែលត្រូវបានរាយការណ៍នេះ បានលេចឡើងស្របពេលដែលប្រទេសស៊ីរីបានត្រៀមខ្លួន ដើម្បីចូលរួមជាមួយក្រុមចម្រុះប្រឆាំង ISIS ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ធ្វើជាម្ចាស់ផ្ទះស្វាគមន៍លោក al-Sharaa នៅថ្ងៃចន្ទនេះ សម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅសេតវិមាន ដែលជាលើកទីមួយមិនធ្លាប់មានរបស់ប្រមុខរដ្ឋស៊ីរី៕