ប្រភពចំនួន ៤ ដែលបានដឹងពីបញ្ហានេះ បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) នេះថា ក្រុមហ៊ុន Lukoil បានប្រកាសនូវប្រធានសក្ដិ នៅឯតំបន់ទាញយកប្រេងដ៏ធំ West Qurna-2 របស់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រេងរបស់រុស្ស៊ី បានរាំងស្ទះដល់ប្រតិបត្តិការរបស់ខ្លួន។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ក្រុមហ៊ុន Lukoil មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។ សហរដ្ឋអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនប្រេងធំទី២ របស់រុស្ស៊ី កាលពីខែមុន។ ហើយប្រភពចំនួន ៣ បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក អ៊ីរ៉ាក់បានបញ្ឈប់រាល់ការទូទាត់សាច់ប្រាក់ និងប្រេងឆៅដល់ក្រុមហ៊ុននេះ។
ប្រភពទាំង៤ បានបញ្ជាក់ថា ក្រុមហ៊ុន Lukoil បានផ្ញើលិខិតផ្លូវការមួយទៅកាន់ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយលើកឡើងថា មានលក្ខខណ្ឌប្រធានសក្ដិ ដែលរារាំងមិនឲ្យខ្លួនបន្តប្រតិបត្តិការធម្មតា នៅឯតំបន់ West Qurna-2។
មន្ត្រីឧស្សាហ៍កម្មប្រេងអ៊ីរ៉ាក់ជាន់ខ្ពស់ម្នាក់ បានប្រាប់ឲ្យដឹងថា ប្រសិនបើហេតុផលនៅពីក្រោយប្រធានសក្ដិនេះ មិនត្រូវបានដោះស្រាយក្នុងរយៈពេល ៦ខែទេនោះ ក្រុមហ៊ុន Lukoil នឹងបិទផលិតកម្ម និងចាកចេញពីគម្រោងនេះទាំងស្រុង៕