កំពង់ស្ពឺ៖ អតីតសកម្មជនគណបក្សនយោបាយនានាជាង១០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេទាំងនោះ អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួនពូកែតែនិយាយ និងសន្យាតែមិនពូកែធ្វើ ខណៈបក្សប្រជាជនកម្ពុជា បានសន្យាហើយធ្វើ និងអភិវឌ្ឍន៍ពិតនៅក្នុងភូមិ ឃុំរបស់ពួកគេជាបន្តបន្ទាប់។
នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន១១៨នាក់ នាថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានថ្លែថា បងប្អូនដែលជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សមួយចំនួនទៀត បានសម្រេចចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេមើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជន។
ឯកឧត្តម បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានមន្រ្តី និងសកម្មជនគណបក្សដទៃទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ជាក់ស្តែងដូចថ្ងៃនេះជាដើម ពួកគេបានមកដោយស្រេចតែចិត្តដោយគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិត ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានរស់នៅជាមួយប្រជាជនជានិច្ច ខណៈប្រទេសជាតិមានទុក្ខលំបាកដូចករណីជួបប្រទះ និងបញ្ហាកូវីដ១៩ ជាដើមនោះ។
ឯកឧត្តម យឿន យឿត បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។
ឯកឧត្តម បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
ឯកឧត្តម បានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕អត្ថបទ៖ បាន ចក់




