លោកប្រធានាធិបតី Donald Trump បានទាមទារឱ្យក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសវិលត្រឡប់មកធ្វើការវិញកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ខណៈការកាត់បន្ថយជើងហោះហើរដែលដឹកនាំដោយរដ្ឋាភិបាល និងការអវត្តមានរបស់បុគ្គលិកចរាចរណ៍ផ្លូវអាកាសនៅតែបន្តបង្កភាពចលាចលដល់ការធ្វើដំណើរតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។

លោក Trump បានបន្ថែមថា លោកនឹងផ្តល់រង្វាន់ដល់អ្នកដែលមិនបានឈប់សម្រាកក្នុងអំឡុងពេលបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល ៤១ ថ្ងៃ ប៉ុន្តែគេមិនច្បាស់ទេថាតើអ្នកគ្រប់គ្រងប៉ុន្មាននាក់អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។លោក Trump បាននិយាយថា លោកនឹងស្វាគមន៍ការលាលែងពីតំណែងរបស់អ្នកដែលបានឈប់សម្រាកទាំងឡាយ។
លោកTrumpសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា"អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសទាំងអស់ត្រូវតែត្រឡប់ទៅធ្វើការវិញឥឡូវនេះ-អ្នកណាដែលមិនចង់បាត់បង់ការងារត្រូវវិលទៅធ្វើការវិញភ្លាម"។
ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់សហរដ្ឋអាមេរិក រួមទាំង American Airlines, Delta Airlines និង United Airlines បានប្រែជាអវិជ្ជមានបន្ទាប់ពីការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Trump។
ការបិទនេះបាននាំឱ្យមានការខ្វះខាតអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលដូចជាបុគ្គលិកសហព័ន្ធផ្សេងទៀតដែរ មិនត្រូវបានទទួលប្រាក់ខែអស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមមន្ត្រីបាននិយាយថា គេមិនច្បាស់ទេក្រោមកិច្ចសន្យាសហជីពរបស់អ្នកគ្រប់គ្រងផ្លូវអាកាស ថាតើពួកគេអាចត្រូវបានបញ្ឈប់ពីការងារដោយរបៀបណា ឬប្រភពនៃប្រាក់រង្វាន់ ១០.០០០ ដុល្លារដែលលោក Trump បានស្នើឡើងនោះជាអ្វីនោះទេ៕

