ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាបន្ទាន់ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានបង្ហើបពីលទ្ធភាពនៃការជាប់ពាក់ព័ន្ធផ្នែកយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់។

ប្រទេសជប៉ុនបានរិះគន់អ្នកការទូតចិនមួយរូបកាលពីថ្ងៃចន្ទ ទី១០ វិច្ឆិកា ចំពោះការអត្ថាធិប្បាយ ដែលទំនងជាសំដៅទៅលើនាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បន្ទាប់ពីលោកស្រីបានលើកឡើងថា ទីក្រុងតូក្យូអាចចាត់វិធានការយោធា ប្រសិនបើទីក្រុងប៉េកាំងវាយប្រហារកោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា មេដឹកនាំជប៉ុនបានធ្វើអត្ថាធិប្បាយខុស លើតំបន់តៃវ៉ាន់របស់ប្រទេសចិននៅក្នុងសភាជប៉ុន ដោយជ្រៀតជ្រែកយ៉ាងច្បាស់លាស់ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ក៏ដូចជាបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ។
លោក Lin បាននិយាយថា ការអត្ថាធិប្បាយទាំងនេះមិនត្រូវគ្នាយ៉ាងខ្លាំងជាមួយនឹងការប្តេជ្ញាចិត្តផ្នែកនយោបាយដែលរដ្ឋាភិបាលជប៉ុនបានធ្វើរហូតមកដល់ពេលនេះ ហើយលក្ខណៈ និងផលប៉ះពាល់របស់វាគឺធ្ងន់ធ្ងរខ្លាំងណាស់ ដោយបន្ថែមថាប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះការអត្ថាធិប្បាយបែបនេះ ហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសជប៉ុន។
លោក Lin បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាកោះតៃវ៉ាន់របស់ចិន ហើយរបៀបដោះស្រាយបញ្ហាតៃវ៉ាន់ និងសម្រេចបានការបង្រួបបង្រួមជាតិ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ ដោយសួរថាតើសារអ្វីដែលជប៉ុនមានបំណងផ្ញើទៅកាន់កងកម្លាំងឯករាជ្យភាពតៃវ៉ាន់ និងទិសដៅអ្វីដែលខ្លួនស្វែងរកដើម្បីជំរុញទំនាក់ទំនងចិន-ជប៉ុន៕


