ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១០ វិច្ឆិកា) បានសម្រេចអនុម័តវិធានការមួយ ដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយបំបែកភាពជាប់គាំងរយៈពេលជាង ៤០ថ្ងៃមកនេះ ដែលបានបង្អាក់អត្ថប្រយោជន៍ស្បៀងអាហារសម្រាប់ពលរដ្ឋរាប់លាននាក់ ធ្វើឱ្យកម្មករសហព័ន្ធរាប់សែននាក់មិនបានទទួលប្រាក់ឈ្នួល និងភាពវឹកវរក្នុងចរាចរណ៍ផ្លូវអាកាស។
សំណើច្បាប់បើករដ្ឋាភិបាលឡើងវិញនេះទទួលបានការអនុម័តក្នុងសំឡេងឆ្នោត ៦០ ទល់នឹង ៤០ ដោយមានការគាំទ្រពីសមាជិកសភាបក្សសាធារណរដ្ឋស្ទើរតែទាំងអស់ និងខាងបក្សប្រជាធិបតេយ្យចំនួន ៨រូប ដែលមិនបានជោគជ័យក្នុងការចងភ្ជាប់មូលនិធិរដ្ឋាភិបាលទៅនឹងឧបត្ថម្ភធនសុខភាព ដែលជិតផុតកំណត់នៅចុងឆ្នាំ២០២៥។
កិច្ចព្រមព្រៀងនេះនឹងស្តារមូលនិធិសម្រាប់ទីភ្នាក់ងារសហព័ន្ធ ដែលសមាជិកសភាបានអនុញ្ញាតឱ្យផុតកំណត់តាំងតែពីថ្ងៃទី១ ខែតុលា មក។ បន្ទាប់ពីការអនុម័តរបស់ព្រឹទ្ធសភា ច្បាប់នេះកំពុងឆ្ពោះទៅសភាតំណាងរាស្រ្ដដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ ជាទីដែលប្រធានសភា លោក Mike Johnson អាចអនុម័តឆាប់បំផុតនៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ហើយផ្ញើទៅលោកប្រធានាធិបតី Donald Trump ចុះហត្ថលេខាឱ្យក្លាយជាច្បាប់ផ្លូវការ។ លោក Trump បានហៅកិច្ចព្រមព្រៀងបើករដ្ឋាភិបាលឡើងវិញនេះថា "ល្អខ្លាំងណាស់"។
គួរឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងបន្តមូលនិធិបើករដ្ឋាភិបាលរហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំក្រោយ។ កញ្ចប់នេះហាក់ដូចជាមិនរួមបញ្ចូលចំណុចជាក់លាក់ដើម្បីរារាំងលោក Trump ពីការកាត់បន្ថយការចំណាយបន្ថែមទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងផ្តល់មូលនិធិដល់កម្មវិធីឧបត្ថម្ភធនស្បៀងអាហារ ឬហៅថា SNAP រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ការរំខានណាមួយលើកម្មវិធី SNAP ក៏នៅតែអាចកើតមាន ប្រសិនបើសភាបិទរដ្ឋាភិបាលម្តងទៀត ក្នុងអំឡុងពេលនោះ៕