រយៈពេលមួយខែនៃបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងតំបន់ហ្កាហ្សា ភាពតានតឹងនៅតែខ្លាំង លើបញ្ហាមនុស្សធម៌ ការដោះស្រាយសាកសពចំណាប់ខ្មាំង និងព្រំដែនយោធានៅលើដី ដែលគំរាមកំហែងដល់លទ្ធភាពនៃផែនការសន្តិភាពសម្របសម្រួលដោយរដ្ឋបាលលោក Trump។

ក្នុងចំណោមបញ្ហាប្រឈមជាច្រើនដែលបន្តធ្វើឱ្យតំបន់រងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ ការផ្តល់ជំនួយមិនគ្រប់គ្រាន់ដល់ប្រជាជនហ្កាហ្សានៅតែជាកង្វល់ចម្បងសម្រាប់សហគមន៍អន្តរជាតិ ខណៈកង្វះខាតអាហារ ប្រេងឥន្ធនៈ និងជម្រកគំរាមកំហែងធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរ ជាពិសេសទន្ទឹមនឹងរដូវរងាជិតមកដល់ ហើយចំនួនជាច្រើននៃប្រជាជន២លាន១សែននាក់នៅតែត្រូវបានផ្លាស់ទីលំនៅ ឬរស់នៅក្នុងផ្ទះខូចខាត និងតង់រហែក។
ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ជំនួយចំពោះតំបន់ហ្កាហ្សាត្រូវបានគេសន្មត់ថានឹងទៅដល់តាមរថយន្តដឹកទំនិញរហូតដល់ ៦០០ គ្រឿងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតំបន់ហ្កាហ្សាបាននិយាយថា កាលពីដើមខែនេះ មានរថយន្តដឹកទំនិញត្រឹមតែប្រហែល ១៤៥ គ្រឿងក្នុងមួយថ្ងៃប៉ុណ្ណោះដែលបានចូលក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ដំបូង ប្រហែល ២៤ភាគរយនៃបរិមាណដែលបានសន្យា។
ពេលខ្លះអ៊ីស្រាអែលបានលើកឡើងពីអ្វីដែលខ្លួនហៅថាការពន្យារពេល និងភាពមិនប្រក្រតីនៃការប្រគល់ចំណាប់ខ្មាំងដែលបានស្លាប់ដោយក្រុមហាម៉ាស ជាមូលដ្ឋានសម្រាប់កាត់បន្ថយចំនួនរថយន្តដឹកជំនួយពាក់កណ្តាល និងកាត់ផ្តាច់ការដឹកជញ្ជូនប្រេងឥន្ធនៈភាគច្រើន លើកលែងតែរថយន្តដែលប្រើប្រាស់ដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ប្រទេសនេះ ក៏បានចោទប្រកាន់ក្រុមហាម៉ាសផងដែរថាបានបង្វែរជំនួយស្បៀងអាហារមុនពេលទៅដល់ជនស៊ីវិលជាការអះអាងដែលក្រុមនេះបដិសេធ៕

