ប្រធាននៃកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ COP30 ឆ្នាំ២០២៥នេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា នេះ ប្រទេសអេត្យូពី នឹងត្រូវបានបញ្ជាក់ឱ្យក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាកាសធាតុ COP32 នៅឆ្នាំ២០២៧។

យ៉ាងណាក៏ដោយ ជម្រើសនៃម្ចាស់ផ្ទះ COP31 ឆ្នាំក្រោយ នៅតែជាចំណុចប្រទាញប្រទូងគ្នា ដោយទាំងអូស្ត្រាលី និងទួរគី កំពុងដំណ្ដើមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ឆ្នាំ២០២៦។ អូស្ត្រាលី បានបើកកិច្ចប្រឹងប្រែងម្ចាស់ផ្ទះ COP31 របស់ខ្លួន ក្នុងភាពជាដៃគូជាមួយកោះប៉ាស៊ីហ្វិក ដែលត្រូវចាត់ទុកថា ស្ថិតក្នុងចំណោមកន្លែងងាយរងគ្រោះបំផុតរបស់ពិភពលោក ចំពោះបម្រែបម្រួលអាកាសធាតុ។
អំឡុងថ្ងៃព្រឹត្តិការណ៍ដំបូងនៅប្រេស៊ីលកាលពីថ្ងៃចន្ទ ប្រធាន COP30 លោក André Corrêa do Lago បាននិយាយថា ប្រទេសចូលរួម បានយល់ព្រមជាគោលការណ៍ ដើម្បីរៀបចំសន្និសីទឆ្នាំ២០២៧ នៅរដ្ឋធានីអេត្យូពី។ ជម្រើសនេះត្រូវការអនុម័តជាផ្លូវការ ដែលរំពឹងថានឹងកើតឡើងនៅថ្ងៃអង្គារនេះ។
គួរឱ្យដឹងថា ម្ចាស់ផ្ទះជំនួបកំពូល COP ត្រូវវិលជុំ សម្រាប់តំបន់នានាទូទាំងពិភពលោក។ សន្និសីទឆ្នាំ២០២៥នេះ ធ្វើឡើងនៅក្នុងទីក្រុងព្រៃអាម៉ាហ្សូន Belem របស់ប្រេស៊ីល ខណៈជម្រើសម្ចាស់ផ្ទះឆ្នាំក្រោយនៅ "អឺរ៉ុបខាងលិច ឬតំបន់ផ្សេងទៀត" ត្រូវវិលវល់អស់ជាច្រើនខែមកហើយ ដោយទាំងទួរគី ឬអូស្ត្រាលី មិនព្រមដកថយឡើយ៕

