ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ BBC ដោយសារតែកំហុសឆ្គងក្នុងការកែសម្រួលសុន្ទរកថាមួយ ដែលលោកបានធ្វើនៅឆ្នាំ២០២១ ជាថ្ងៃដែលអ្នកគាំទ្ររបស់លោកបានសម្រុកចូលវិមានកាពីតូល ខណៈទូរទស្សន៍អង់គ្លេសមួយនេះក៏បានសារភាពកាលពីថ្ងៃចន្ទ (១០ វិច្ឆិកា) ថា នោះជា "កំហុសឆ្គងនៃការធ្វើសេចក្ដីវិនិច្ឆ័យ"។

នៅក្នុងលិខិតដែលផ្ញើកាលពីថ្ងៃអាទិត្យ និងមើលឃើញដោយសារព័ត៌មានរ៉យទ័រ ក្រុមមេធាវីរបស់ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា BBC ត្រូវតែដកហូតឯកសាររបស់ខ្លួនត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ បើពុំនោះសោត នឹងប្រឈមការប្តឹងផ្តល់ "មិនតិចជាង" ១ពាន់លានដុល្លារនោះទេ។ លិខិតនោះក៏ទាមទារឱ្យ BBC ចេញសារសូមអភ័យទោស និងផ្តល់សំណងដល់លោក Trump សម្រាប់អ្វីដែលខ្លួននិយាយថា "ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុដ៏លើសលប់"។
គួរឱ្យដឹងថា វីដេអូឯកសារដែលផ្សាយលើកម្មវិធីព័ត៌មាន Panorama ដ៏ល្បីរបស់ BBC បានកាត់ផ្ដាច់ និងស្រង់ឃ្លីបចំនួន៣ ចេញពីសុន្ទរកថាលោក Trump មកដាក់បញ្ជូលគ្នា ដោយស្ដាប់ទៅហាក់ដូចជាលោកកំពុងញុះញង់ឱ្យមានកុបកម្មថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ឃ្លីបឯកសារនេះលែងមានលើសេវាវីដេអូ BBC ទៀតហើយ។ ក្រុមមេធាវីលោក Trump ហៅឃ្លីបនេះថា ជារឿងមិនពិត និងបរិហារកេរ្តិ៍។
ប្រធាន BBC លោក Samir Shah កាលពីថ្ងៃចន្ទ បានសូមអភ័យទោសចំពោះការកែសម្រួលវីដេអូនេះ ប៉ុន្តែលោកច្រានចោលការអះអាងនៃភាពលំអៀងជាប្រព័ន្ធ ក្នុងសេចក្ដីរាយការណ៍នានារបស់ BBC។
ក្នុងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លោក Trump បាននិយាយថា៖ "យើងនឹងដើរទៅវិមានកាពីតូល ហើយនឹងស្រែកហ៊ោរលើកទឹកចិត្តព្រឹទ្ធសមាជិក និងសមាជិកសភាដ៏ក្លាហានរបស់យើង"។ ប៉ុន្តែនៅក្នុងឃ្លីបកាត់តរបស់កម្មវិធី BBC នោះ បានបង្ហាញឱ្យឃើញលោក Trump កំពុងឈរថ្លែងថា៖ "យើងនឹងដើរទៅវិមានកាពីតូល... ហើយខ្ញុំនឹងនៅទីនោះជាមួយអ្នក។ ហើយយើងប្រយុទ្ធ... ប្រយុទ្ធយ៉ាងខ្លាំងក្លាបំផុត"៕


