ព្រឹត្តិការណ៍ដើរទិញឥវ៉ាន់ដ៏ធំបំផុតរបស់ពិភពលោកកើតឡើងនៅប្រទេសចិន ជារៀងរាល់ឆ្នាំ ហើយត្រូវបានគេហៅថា ទិវាអ្នកនៅលីវ (Singles' Day)។

ដើមឡើយ នេះជាថ្ងៃសម្រាកដើម្បីអបអរភាពនៅលីវ ពោលគឺជាថ្ងៃប្រឆាំងនឹងបុណ្យនៃក្តីស្រឡាញ់ (Valentine's Day) ប៉ុន្តែព្រឹត្តិការណ៍នេះបានប្រែទៅជាថ្ងៃដើរទិញទំនិញតាមអ៊ីនធឺណិត រយៈពេលជាច្រើនសប្តាហ៍ដ៏ធំបំផុត ដែលនៅឆ្នាំ២០២៥នេះ បានចាប់ផ្តើមពីថ្ងៃទី៩ ខែតុលា រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ដែលបានក្លាយជារយៈពេលនៃ ទិវាអ្នកនៅលីវ យូរបំផុតមិនធ្លាប់មាន។
គំនិតសម្រាប់ ទិវាអ្នកនៅលីវ មានដើមកំណើតនៅសកលវិទ្យាល័យ ណានជីង របស់ប្រទេសចិន កាលពីឆ្នាំ១៩៩៣ ហើយដើមឡើយ ត្រូវបានគេហៅថា "ទិវានិស្សិតមិនទាន់រៀបការ"។ នៅថ្ងៃនោះ អ្នកនៅលីវតែងទិញអំណោយជូនខ្លួនឯង ខណៈក៏មានពិធីជួបជុំបែបសង្គម និងពិធីជប់លៀងផងដែរ។
កាលពីឆ្នាំ២០២៤ តម្លៃសរុបនៃទំនិញដែលបានលក់ក្នុងអំឡុងពេលដើរទិញឥវ៉ាន់ ឬត្រូវបានគេស្គាល់ថាជា "Double 11" នេះ មានចំនួនដល់ទៅ ១,៤៤សែនកោដិយ័ន (ប្រមាណ ២០២ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមស្ថាប័នផ្ដល់ទិន្នន័យ Syntun។ កំណើននៃការលក់ទំនិញកាលពីឆ្នាំមុន នៃអត្រា ២៧% ភាគច្រើនដោយសាររយៈពេលយូរនៃពិធីបុណ្យបែបនេះ៕

