ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអូស្ត្រាលី Neil Robertson បានគ្រងជើងឯកការប្រកួតកម្មវិធី Players Championship ក្រោយយកឈ្នះកីឡាករអង់គ្លេស Barry Hawkins នៅវគ្គផ្តាច់ព្រ័ត្រ ១០-៥ហ្វ្រេម។ កីឡាករលំដាប់លេខ ៤ ពិភពលោក Neil Robertson ដែលធ្លាប់បានយកឈ្នះ Barry Hawkins ផងដែរលើកពាន Masters កាលពីខែមករានោះ ជាថ្មីម្តងទៀតនៅតែមានប្រៀបក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីយកឈ្នះពានលំដាប់ Ranking លើកទី២២ ក្នុងអាជីព។

Robertson ចាប់ផ្តើមដោយវាយមួយឈើបានលើស ១០០ពិន្ទុ ៣ហ្វ្រេមជាប់គ្នាដើម្បីនាំមុខ ៥-១ហ្វ្រេមក្នុងដំណាក់កាលដំបូង មុននឹងបន្តយកឈ្នះទៀតនៅដំណាក់កាលទី២។ សូមបញ្ជាក់ថា Neil Robertson មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះបានយកឈ្នះ Kyren Wilson, Ronnie O’Sullivan និង Jimmy Robertson។ ចំណែកឯ Barry Hawkins បានយកឈ្នះ Zhao Xintong, Yan Bingtao និង Ricky Walden។ កីឡាករអូស្ត្រាលីរូបនេះទទួលបានប្រាក់រង្វាន់ ១២៥,០០០ផោនក្នុងនាមជាជើងឯកពាន Players Championship នេះ៕
អត្ថបទ៖នាង សុភាវុធ