អ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃចន្ទ (១០ វិច្ឆិកា) បានចេញរបាយការណ៍ផ្ទុយគ្នាអំពីការវិវត្តក្នុងសមរភូមិភាគខាងកើតដ៏តានតឹង នៅជុំវិញទីប្រជុំជន Myrnohrad ជាទីតាំងប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៃទីក្រុងយុទ្ធសាស្រ្ត Pokrovsk របស់អ៊ុយក្រែន និងជាទីដែលកងកម្លាំងរបស់ទីក្រុងមូស្គូ បានអះអាងពីការឡោមព័ទ្ធស្ទើរតែគ្រប់ជ្រុងទៅហើយ។

ក្រុង Pokrovsk នេះគឺជាគោលដៅសំខាន់របស់កងទ័ពរុស្ស៊ី ក្នុងការវាយរុលយឺតៗរបស់ពួកគេឆ្ពោះទៅទិសខាងលិច ដើម្បីដណ្តើមយកតំបន់ Donetsk ទាំងមូល ហើយការប្រយុទ្ធកំពុងតែក្ដៅគគុកនៅតំបន់ជុំវិញទីប្រជុំជន Myrnohrad ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ុយក្រែន បានអះអាងថា ខ្លួនបានបញ្ជូនគ្រឿងផ្គត់ផ្គង់ចូលទៅទីប្រជុំជន Myrnohrad ហើយបានបង្វែរកងទ័ពរបស់ខ្លួនចេញពីទីប្រយុទ្ធនៅក្នុងក្រុង រួមទាំងអ្នករងរបួសផងដែរ។ របាយការណ៍បន្តថា អង្គភាពអ៊ុយក្រែនកំពុងក្រាញននៀលក្នុងទីតាំងឈរជើងរបស់ខ្លួនដោយមានទំនុកចិត្ត និងបានកម្ទេចសត្រូវតាមផ្លូវចូលទៅកាន់ទីប្រជុំជន។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងផ្ទុយពីនេះនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា កងកម្លាំងរបស់ខ្លួនកំពុងតែវាយរុញកាន់តែខ្លាំងលើ Myrnohrad ដោយកត់សម្គាល់ពីការមានប្រៀបនៅក្នុងស្រុកចំនួន២ នៃទីប្រជុំជននេះ៕

