យោងតាមសន្តិសុខរបស់ប្រទេសលីបង់និងប្រភពផ្លូវការបានឱ្យដឹងថា មេបញ្ជាការក្រុមហេសបូឡាម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលើផ្លូវហាយវ៉េ ភាគខាងត្បូងប្រទេសលីបង់។ ប្រភពចារកម្មរបស់កងទ័ពលីបង់បាននិយាយថា ជនរងគ្រោះត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Samir Ali Faqih ជាមេបញ្ជាការក្រុមហេសបូឡា។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា លោក Faqih ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលដាក់គោលដៅទៅលើរថយន្តរបស់លោក។
យោងតាមប្រភពព័ត៌មានរបស់ប្រទេសលីបង់បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានធ្វើការវាយឆ្មក់តាមអាកាសប្រហែល២០លើក លើទីតាំងរបស់ក្រុមហេសបូឡានៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់ ដោយបានបាញ់មីស៊ីលពីអាកាសមកដីប្រហែល៤០គ្រាប់។

ការវាយប្រហាររបស់អ៊ីស្រាអែលដ៏ខ្លាំងក្លាទាំងនេះបានកើតឡើងក្នុងពេលដែលការគំរាមកំហែងរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង និងការអំពាវនាវឱ្យក្រុមហេសបូឡារំសាយអាវុធ ជាការទាមទារដែលក្រុមនេះបានច្រានចោលយ៉ាងម៉ឺងម៉ាត់។
កាលពីថ្ងៃចន្ទ លោក Mahmoud Qomati អនុប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុមហេសបូឡា បានបញ្ជាក់ជាថ្មីនូវការបដិសេធរបស់ក្រុមនេះក្នុងការរំសាយអាវុធ ដោយនិយាយថាអាវុធរបស់ខ្លួននៅតែជា «ការធានានៃអត្ថិភាព និងកម្លាំងរបស់ប្រទេសលីបង់» និងបម្រើដើម្បីរារាំង «ការឈ្លានពានរបស់អ៊ីស្រាអែល»។