អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃចន្ទបានច្រានចោលការអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដែលបានចោទប្រកាន់អ៊ីរ៉ង់ និងរុស្ស៊ីថាបានសហការគ្នាធ្វើឱ្យខូចដល់ច្បាប់អន្តរជាតិ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Baghaei បាននិយាយថា សកម្មភាពភាគច្រើនដែលត្រូវបានធ្វើឡើងដោយសមាជិកណាតូ គឺជាសកម្មភាពដែលពួកគេចោទប្រកាន់រដ្ឋផ្សេងៗទៀត ហើយសូមក្រឡេកមើលការពិតដែលបង្ហាញ ថាតើភាគីណាមួយដែលបានបំពានច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ីរ៉ង់ឬសមាជិកណាតូ។
ដោយលើកឡើងពីការកាន់កាប់របស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន និង «ឧក្រិដ្ឋកម្ម» នៅក្នុងប្រទេសនោះ លោកបាននិយាយថា «ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ការបំពានច្បាប់ និងការរំលោភច្បាប់អន្តរជាតិដោយសហរដ្ឋអាមេរិក និងសមាជិកណាតូមួយចំនួនផ្សេងទៀត បានប្រែទៅជាគំរូដដែលៗ» ។

លោក Baghaei បាននិយាយថា សហរដ្ឋអាមេរិក «ក្នុងនាមជាសមាជិកណាតូដ៏មានឥទ្ធិពលបំផុត» គឺជាអ្នកបង្អាក់សន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសង្កត់ធ្ងន់ថា ការលើកឡើងរបស់ប្រមុខណាតូ គ្រាន់តែជា «ការបង្ហាញ និងជាការចោទប្រកាន់គ្មានតម្លៃប្រឆាំងនឹងអ៊ីរ៉ង់» ។