ក្រុមមន្ត្រី និងភ្ញៀវនៅឯសារមន្ទីរសិល្បៈអាហ្រ្វិកខាងលិច (MOWAA) ដែលទើបបង្កើតថ្មីដ៏ធំរបស់ប្រទេសនីហ្សេរីយ៉ា ត្រូវបង្ខំចិត្តរត់ជម្លៀសខ្លួនទាំងភ័យស្លន់ស្លោរ កាលពីថ្ងៃអាទិត្យ (៩ វិច្ឆិកា) បន្ទាប់ពីក្រុមបាតុករបានសម្រុកចូលទៅក្នុងអគារ និងបានរំខានដល់ផែនការនៃពិធីបើកសម្ពោធស្ថាប័នមួយនេះ នៅទីក្រុង Benin ។

វីដេអូដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញឱ្យឃើញមនុស្សវ័យក្មេងមួយចំនួន នាំគ្នារត់យ៉ាងវឹកវរក្នុងបរិវេណសារមន្ទីរសិល្បៈ ដែលមានតម្លៃរាប់លានដុល្លារនៅទីក្រុង Benin ដែលធ្លាប់ជាអាណាចក្រមុនអាណានិគមដ៏ល្បីល្បាញ។
ក្រុមបាតុករអះអាងថា ការបើកសារមន្ទីរនេះគឺជាការរំលោភលើបេតិកភណ្ឌវប្បធម៌របស់ទីក្រុង Benin ដែលស្ថិតនៅក្រោមអំណាចរបស់អ្នកគ្រប់គ្រងតាមប្រពៃណីរបស់ខ្លួន។ រដ្ឋាភិបាលសហព័ន្ធរបស់នីហ្សេរីយ៉ា បាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅទីក្រុង Benin ដោយ "ក្ដីបារម្ភយ៉ាងខ្លាំង"។
ដើមឡើយ សារមន្ទីរនេះត្រូវរំពឹងថានឹងបើកជាផ្លូវការនៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ស្អែកនេះ ប៉ុន្តែបន្ទាប់ពីឧបទ្ទវហេតុតវ៉ានៅថ្ងៃអាទិត្យនោះមក សារមន្ទីរបានស្នើឱ្យសាធារណជនពន្យារគម្រោងទៅទស្សនា រហូតដល់ស្ថានភាពត្រូវបញ្ជាក់ឱ្យច្បាស់លាស់៕


