ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ បានរាយការណ៍នៅថ្ងៃអង្គារ (១១ វិច្ឆិកា) នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីកាណាដាថា ប្រទេសចិន បានត្រៀមរួចរាល់ហើយក្នុងការបន្តការផ្លាស់ប្តូរជាមួយកាណាដា និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ។

ថ្លែងទៅកាន់ប្រមុខការទូតកាណាដា លោកស្រី Anita Anand — លោក Wang បានលើកឡើងថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយកាណាដា ហើយបណ្ដាញការទូត ពាណិជ្ជកម្ម និងក្រសួងផ្សេងទៀតនៃប្រទេសទាំងពីរ អាចបង្កើនការសម្របសម្រួល និងដោះស្រាយនូវកង្វល់រៀងៗខ្លួនឱ្យបានកាន់តែត្រឹមត្រូវ។

កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ធ្វើតាមរយៈកិច្ចសន្ទនាទូរសព្ទមួយ ហើយកើតឡើងបន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមុន។ មេដឹកនាំទាំងពីរបានពិភាក្សាពីបញ្ហាពាណិជ្ជកម្ម រួមទាំងកសិកម្ម និងរថយន្តអគ្គិសនី។
ទាក់ទងនឹងរឿងនេះ លោក Wang បាននិយាយថា កិច្ចប្រជុំរបស់មេដឹកនាំ បានកត់សម្គាល់ការវិលត្រឡប់នៃទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅកាន់ផ្លូវត្រូវ បន្ទាប់ពីមានភាពរកាំរកូសអស់ជាច្រើនឆ្នាំ៕