ភ្នំពេញ៖ ខណៈមេរោគបំប្លែងអូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានអាយុពី៦០ឆ្នាំឡើងទៅ នៅថ្ងៃនេះ សម្រុកទៅចាក់វ៉ាក់សាំងដូសទី៤ ដើម្បីទប់ទល់នឹងការវាយ លុកពីជំងឺកូវីដ-១៩។
ពលរដ្ឋអាយុពី៦០ឆ្នាំឡើងមកទទួលការចាក់វ៉ាក់សាំងកូវីដ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច គឺបានរួមចំណែកកាត់បន្ថយការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលក្នុងសហគមន៍។
បើទោះបីភាគច្រើនពួកគាត់នៅផ្ទះក្តី តែការចាក់វ៉ាក់សាំងកូវីដ-១៩ មានសារសំខាន់ណាស់ ដោយពួគេ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ មានតែវ៉ាក់ សាំង និងវិធានការសុខាភិបាល ៣កុំ ៣ការពារ ទើបអាចទប់ទល់បាន។
បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤ ជូនក្រុមអាទិភាព និងពលរដ្ឋ អាយុ១៨ឆ្នាំឡើង គឺអនុវត្តនៅតែរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាពត្រជាក់ដក៨០អង្សាសេ។
សម្រាប់បណ្តារាជធានី-ខេត្តផ្សេងទៀត នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ បន្ទាប់ពីកម្ពុជាទទួលបានប្រព័ន្ធត្រជាក់ពីអង្គការUnicef ជាផ្គត់ផ្គង់។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយ ក្នុងចំណោម វិធានការសុខាភិបាលចាំបាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣លានដូស រាប់បញ្ចូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត៕អត្ថបទ៖ ទូច សោភ័ណ