ប្រធានាធិបតីបណ្ដោះអាសន្ននៃសាធារណរដ្ឋអារ៉ាប់នេះ លោក Ahmed al-Sharaa បានថ្លែងថា ប្រទេសស៊ីរីយល់ថា វាចាំបាច់ក្នុងការធ្វើឲ្យអតីតមេដឹកនាំ លោក បាសា អាល់អាសាដ (Bashar al-Assad)ទទួលខុសត្រូវ។

លោក Ahmed al-Sharaa បានប្រាប់ទូរទស្សន៍ Fox News ក្នុងបទសម្ភាសន៍មួយថា៖«យុត្តិធម៌ ត្រូវតែកើតមានឡើង។ យើងបានបង្កើតគណៈកម្មការយុត្តិធម៌មួយ ដើម្បីឲ្យមនុស្សគ្រប់គ្នា អាចទទួលខុសត្រូវចំពោះអ្វីដែលពួកគេបានធ្វើ ក្នុងនោះមាន លោកបាសា អាល់អាសាដផងដែរ»។

កាលពីខែមុន ប្រមុខការទូតរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូវ បានប្រាប់អ្នកយកព័ត៌មានមកពីប្រទេសអារ៉ាប់ថា លោក អាសាដ និងក្រុមគ្រួសាររបស់លោក កំពុងស្នាក់នៅក្នុងប្រទេសរុស្ស៊ីសម្រាប់ហេតុផលមនុស្សធម៌សុទ្ធសាធ ខណៈដែលអតីតប្រធានាធិបតីស៊ីរីរូបនេះ ប្រឈមនឹងការគំរាមកំហែងនៃការសម្លាប់ជាក់ស្តែង នៅក្នុងប្រទេសកំណើតរបស់លោក។
នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤ កងកម្លាំងប្រឆាំងប្រដាប់អាវុធ បានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងកងទ័ពស៊ីរី។ នៅថ្ងៃទី ០៨ ខែធ្នូ ពួកគេបានចូលទៅក្នុងទីក្រុងដាម៉ាស ហើយលោកអាសាដ បានលាលែងពីតំណែង ជាប្រធានាធិបតីស៊ីរី ហើយចាកចេញពីប្រទេសនេះ។ នៅចុងខែមករា ឆ្នាំ២០២៥ អាជ្ញាធរស៊ីរីថ្មី បានប្រកាសថា លោក Ahmed al-Sharaa មេដឹកនាំក្រុមភេរវករ Hayat Tahrir al-Sham នឹងបម្រើការជាប្រធានាធិបតីបណ្តោះអាសន្ន ក្នុងអំឡុងពេលអន្តរកាល៕