បណ្តាញទូរទស្សន៍ Al Araby ដែលមានមូលដ្ឋាននៅប្រទេសកាតាបានរាយការណ៍ថា យុទ្ធជនប្រហែល ៥០ ទៅ ៦០ នាក់ មកពីកងពលតូច Izz ad-Din al-Qassam ឬក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស ត្រូវបានគេដឹងថា កំពុងបន្តនៅក្នុងតំបន់ដែលគេហៅថា តំបន់លឿង ឬតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមបណ្តាញទូរទស្សន៍នេះ បុរសទាំងនេះ កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី។ គួររំលឹកថា ក្នុងអំឡុងពេលពិគ្រោះយោបល់ អ្នកសម្របសម្រួល បានផ្តល់ដំណោះស្រាយដែលអាចធ្វើទៅបានចំពោះបញ្ហានេះ ប៉ុន្តែអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបដិសេធ។

មន្ត្រីជាន់ខ្ពស់ហាម៉ាស លោក Ismail Radwan បានប្រាប់ទូរទស្សន៍ Al Jazeera កាលពីថ្ងៃអាទិត្យថា អង្គការនេះ បានជូនដំណឹងដល់អ្នកសម្របសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់លឿងនេះ។ នាពេលមុននេះ ក្រុមប្រដាប់អាវុធរបស់ហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការប៉ះទង្គិចគ្នានៅតំបន់ Rafah ប៉ុន្តែបានបដិសេធមិនព្រមទម្លាក់អាវុធ ដោយអំពាវនាវឲ្យអ្នកសម្របសម្រួលដោះស្រាយបញ្ហានេះ។
កាសែត Wall Street Journal (WSJ) បាននិយាយកាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ដោយដកស្រង់ប្រភពព័ត៌មានថា យុទ្ធជនហាម៉ាសរាប់រយនាក់ បានជាប់នៅក្នុងផ្លូវរូងក្រោមដី នៅក្រោមផ្នែកដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយភាគច្រើននៃពួកគេ នៅជិតទីក្រុង Rafah ភាគខាងត្បូងនៃតំបន់នោះ។ យោងតាម WSJ អ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ប៉ាន់ប្រមាណថា ចំនួនរបស់ពួកគេមានពី ២០០-៣០០នាក់។ ជោគវាសនារបស់ពួកគេ គឺជាចំណុចសំខាន់នៃការជជែកពិភាក្សា ក្នុងអំឡុងពេលចរចាស្តីពីការអនុវត្តដំណាក់កាលទី២នៃកិច្ចព្រមព្រៀងបទឈប់បាញ់៕
