ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអេហ្ស៊ីប គឺលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) និងលោក Badr Abdelatty បានពិភាក្សាគ្នាអំពីការរៀបចំសម្រាប់វេទិការដ្ឋមន្ត្រីរុស្ស៊ី-អាហ្វ្រិក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគែរ ក្នុងពេលឆាប់ៗនេះ។

ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងទៀតថា៖«ក្នុងអំឡុងពេលសន្ទនា លោករដ្ឋមន្ត្រីការបរទេសអេ ហ្ស៊ីប បានពិភាក្សាជាមួយលោក ឡាវរ៉ូវ អំពីការរៀបចំសម្រាប់វេទិការដ្ឋមន្ត្រីរុស្ស៊ី-អាហ្វ្រិក ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងគែរ។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនេះ នឹងពង្រឹងចំណងមិត្តភាពដៃគូ រវាងរុស្ស៊ី និងបណ្តាប្រទេសអាហ្វ្រិក ក្នុងវិស័យសេដ្ឋកិច្ច» ដោយបន្ថែមថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើគម្រោងរួមគ្នា និងការអនុវត្តរបស់ពួកគេផងដែរ។
សន្និសីទរដ្ឋមន្ត្រីរុស្ស៊ី-អាហ្វ្រិកលើកទី២ ត្រូវបានគ្រោងធ្វើ នៅថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា។ យោងតាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Vershinin ប្រធានបទសំខាន់នៃសន្និសីទនេះ គឺបញ្ហានៃការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ៕
