ឯកសាររដ្ឋាភិបាល បានបង្ហាញនៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះថា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន គឺលោកស្រី Sanae Takaichi ចង់ស្តារសេដ្ឋកិច្ចលំដាប់ទី៤ របស់ពិភពលោកឡើងវិញ ដោយការវិនិយោគលើវិស័យសំខាន់ៗចំនួន ១៧ ដែលរួមមាន AI (បញ្ញាសិប្បនិម្មិត) បន្ទះឈីប និងការសាងសង់នាវា។
ផែនការកំណើនដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ កំពុងត្រូវបានរៀបចំដំណាលគ្នាជាមួយនឹងកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីដែលរំពឹងមាននៅចុងខែវិច្ឆិកានេះ ដែលសារព័ត៌មានផ្នែកសេដ្ឋកិច្ច Nikkei បានឲ្យដឹងថា អាចមានតម្លៃលើសពី ១០សែនកោដិយ៉េន (៦៥ពាន់លានដុល្លារ) ។

លោកស្រី Takaichi ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៥ របស់ជប៉ុន ក្នុងរយៈពេល ៥ឆ្នាំ កាលពីខែតុលា ដោយដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច បានប្រមូលផ្តុំក្រុមប្រឹក្សាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចជប៉ុន ដែលបានធ្វើការពិភាក្សាលើកដំបូងរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា។
ក្នុងឯកសារដែលត្រូវបានចេញផ្សាយក្រោយមក វិស័យនានា សម្រាប់ការវិនិយោគ ក៏រួមបញ្ចូលផងដែរនូវវិស័យការពារជាតិ ឱសថ ធនធានរ៉ែសំខាន់ៗ លំហអាកាស និងអវកាស សន្តិសុខតាមអ៊ីនធឺណិត កុំព្យួទ័រកង់តូម និងការលាយនុយក្លេអ៊ែរ។
លោកស្រី Takaichi បានប្រាប់កិច្ចប្រជុំដែលចូលរួមដោយរដ្ឋមន្ត្រី និងអ្នកជំនាញថា៖ «ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធធ្វើការលើការធានានូវថវិកាបន្ថែមចាំបាច់ និងអនុវត្តវិធានការពន្ធចាំបាច់ សម្រាប់ខ្លឹមសារដែលបានបង្ហាញនៅទីនេះ»។ លោកស្រីបានបន្ថែមថា៖ «ខ្ញុំក៏ស្នើឲ្យមានការបចាប់ផ្តើមភ្លាមៗនូវអ្វីដែលអាចធ្វើបានដោយមិនរង់ចាំការបញ្ចប់នៃវិធានការសេដ្ឋកិច្ចទាំងនេះ»។
គួរបញ្ជាក់ថា លោកស្រី Takaichi និងប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការកសាងនាវា នៅក្នុងកិច្ចប្រជុំរបស់អ្នកទាំង២ កាលពីចុងខែតុលា ខណៈដែលលោកស្រី Takaichi បានសង្កត់ធ្ងន់ថា វិស័យបន្ទះឈីប ក៏ជាគន្លឹះដ៏សំខាន់ សម្រាប់សន្តិសុខសេដ្ឋកិច្ចផងដែរ៕
