វិមាន Elysee បាននិយាយថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) នឹងជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas ) នៅទីក្រុងប៉ារីស នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពី «ការអនុវត្តពេញលេញ»នៃកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សា។
ជំនួបនេះ កើតឡើងមួយខែបន្ទាប់ពីបទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមរយៈពេលពីរឆ្នាំ ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ប្រឆាំងនឹងអ៊ីស្រាអែល។

លោក អាបាស អាយុ ៨៩ ឆ្នាំ គឺជាប្រធានអាជ្ញាធរប៉ាឡេស្ទីនដ៏យូរ ដែលអនុវត្តការគ្រប់គ្រងមានកម្រិតលើផ្នែកខ្លះនៃតំបន់វេសបែង( West Bank) ហើយកំពុងត្រូវបានពិចារណាឲ្យទទួលបន្ទុកគ្រប់គ្រងនៅតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងនេះ។
ការិយាល័យប្រធានាធិបតីបារាំង បាននិយាយថា មេដឹកនាំទាំងពីរ «នឹងពិភាក្សាអំពីជំហានបន្ទាប់ នៅក្នុងផែនការសន្តិភាព ជាពិសេសនៅក្នុងវិស័យសន្តិសុខ អភិបាលកិច្ច និងការកសាងឡើងវិញ»។
ក្រោមការសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បទឈប់បាញ់នៅថ្ងៃទី ១០ ខែតុលា ត្រូវបានសាកល្បងដោយការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែល និងការអះអាងពីការវាយប្រហាររបស់ប៉ាឡេស្ទីនលើទាហានអ៊ីស្រាអែល។
លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោករំពឹងថា កងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ដែលមានភារកិច្ចត្រួតពិនិត្យបទឈប់បាញ់នេះ នឹងកើតឡើង នៅតំបន់ហ្កាហ្សា «នាពេលឆាប់ៗនេះ»៕
