រយៈពេល ២សប្តាហ៍បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបប្រជុំគ្នា ហើយបានប្រកាសថា ពួកលោកបានដោះស្រាយការចរចាជាច្រើនខែ ជុំវិញបញ្ហាពន្ធគយ និងសន្តិសុខ ប៉ុន្តែភាគីទាំង២ មិនទាន់បានបញ្ចេញកិច្ចព្រមព្រៀងណាមួយនៅលើក្រដាសនោះទេ។

មន្ត្រីកូរ៉េខាងត្បូងបានប្រាប់ថា ការពន្យារពេលនេះហាក់ដូចជាផ្តោតលើការពិភាក្សា ជុំវិញសំណើរបស់ភាគីទាំង២ សម្រាប់ការយល់ព្រមរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការឲ្យសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលលោក Lee បានលើកឡើងជាសាធារណៈនៅពេលលោកបានជួបលោក Trump នៅខាងក្រៅវេទិកាអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសកូរ៉េខាងត្បូង កាលពីខែមុន។
បន្ទាប់ពីមានកិច្ចប្រជុំនោះ ក្រុមមន្ត្រីបានឲ្យដឹងថា ពួកគេនឹងចេញផ្សាយភ្លាមៗនូវឯកសារផ្ដល់ព័ត៌មានសំខាន់ ដែលបង្ហាញពីកិច្ចព្រមព្រៀង ស្ដីពីបញ្ហាសន្តិសុខ ដែលរួមមានទាំងនាវាមុជទឹកផងដែរ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានប្រកាសដំបូង នៅក្នុងកិច្ចប្រជុំកំពូល Trump-Lee កាលពីខែកក្កដា ដែលកូរ៉េខាងត្បូងនឹងដាក់ប្រាក់រាប់រយពាន់លានដុល្លារទៅក្នុងគម្រោងរបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការបញ្ចុះតម្លៃអត្រាពន្ធ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុក KBS កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយថា៖ «ដោយសារបញ្ហានៃការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានលើកឡើង ក្រសួងនីមួយៗរបស់សហរដ្ឋអាមេរិក ហាក់ដូចជាត្រូវការពេលវេលាខ្លះ ដើម្បីកែសម្រួលគំនិតរបស់ពួកគេ»៕
