រដ្ឋមន្ត្រីសេដ្ឋកិច្ចហុងគ្រី កាលពីថ្ងៃចន្ទ (ទី១០ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ប្រទេសហុងគ្រីដែលកំពុងស្វែងរកជម្រើសជំនួសការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប (EU) កំពុងបង្កើតកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយទីក្រុងវ៉ាស៊ីនតោន ដែលអាចរួមបញ្ចូលកិច្ចសហប្រតិបត្តិការលើការដោះដូរ ការផ្តល់ប្រាក់កម្ចី ឥណទានធនាគារអភិវឌ្ឍន៍ ឬហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ។
លោកនាយករដ្ឋមន្ត្រី Viktor Orban ដែលត្រូវប្រឈមនឹងការបោះឆ្នោតនាឆ្នាំក្រោយ បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក នៅសេតវិមាន កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយធានាបានការលើកលែងពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់ថាមពលរបស់រុស្ស៊ី ជាកិច្ចព្រមព្រៀងដែលបានជំរុញឲ្យរូបិយប័ណ្ណរឹងមាំ។

លោក Orban ក៏បាននិយាយផងដែរថា ហុងគ្រីដែលសេដ្ឋកិច្ចរបស់ប្រទេសនៅទ្រឹង ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ចំពេលមានអតិផរណាខ្ពស់ បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីនៅឆ្នាំ២០២២ លើអ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីការពារសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ពីការវាយប្រហារពីខាងក្រៅ។
សេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញកិច្ចព្រមព្រៀងនេះ។ យ៉ាងណាក្ដី មន្ត្រីហុងគ្រី បានបញ្ជាក់ថា ខ្លួនបានបង្ហាញថា ប្រទេសអាចស្វែងរកជម្រើសជំនួសការផ្តល់មូលនិធិរបស់ EU ដោយប្រាក់រាប់ពាន់លានអឺរ៉ូ បច្ចុប្បន្នត្រូវបានផ្អាក ដោយសារជម្លោះ ជុំវិញកំណែទម្រង់វិធាននៃច្បាប់របស់លោក Orban ដែលអ្នករិះគន់មើលឃើញថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕
