នគរបាលបាននិយាយនៅថ្ងៃអង្គារនេះថា ការឆ្លើយតបយ៉ាងរហ័សរបស់កងកម្លាំងសន្តិសុខ បានទប់ស្កាត់ការប៉ុនប៉ងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ក្នុងការចាប់និស្សិតនាយទាហាន ជាចំណាប់ខ្មាំង នៅមហាវិទ្យាល័យដែលគ្រប់គ្រងដោយកងទ័ព ពេញមួយយប់ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ និងអ្នកវាយប្រហារចំនួន ៥នាក់ផ្សេងទៀត បានកំណត់គោលដៅទៅលើអគារនេះ នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

ការវាយប្រហារនេះ បានចាប់ផ្តើម នៅល្ងាចថ្ងៃចន្ទ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែក បានព្យាយាមវាយលុកមហាវិទ្យាល័យនិស្សិតនាយទាហាន នៅទីក្រុង Wana ដែលជាទីក្រុងមួយក្នុងខេត្ត Khyber Pakhtunkhwa ជិតព្រំដែនអាហ្វហ្គានីស្ថាន ដែលរហូតមកដល់ប៉ុន្មានឆ្នាំថ្មីៗនេះ បានបម្រើជាមូលដ្ឋានសម្រាប់ក្រុមតាលីបង់ប៉ាគីស្ថាន អាល់កៃដា និងក្រុមសកម្មប្រយុទ្ធបរទេសផ្សេងទៀត។
យោងតាមលោក Alamgir Mahsud ប្រធាននគរបាលក្នុងតំបន់ ជនសកម្មប្រយុទ្ធពីរនាក់ ត្រូវបានសម្លាប់ភ្លាមៗ ដោយកងទ័ព នៅល្ងាចថ្ងៃចន្ទ ខណៈដែលជនសកម្មប្រយុទ្ធបីនាក់ បានព្យាយាមចូលទៅក្នុងបរិវេណមហាវិទ្យាល័យដ៏ធំទូលាយ មុនពេលត្រូវបានឡោមព័ទ្ធ នៅក្នុងប្លុករដ្ឋបាល។ លោក Mahsud បាននិយាយថា កងកម្លាំងកុម្ម៉ង់ដូរបស់កងទ័ព គឺស្ថិតក្នុងចំណោមកងកម្លាំងដែលកំពុងធ្វើប្រតិបត្តិការបោសសម្អាត ហើយការបាញ់ប្រហារតគ្នា កំពុងបន្ត។
ប្លុករដ្ឋបាលនេះនៅឆ្ងាយពីអគារដែលមាននិស្សិតនាយទាហានរាប់រយនាក់ និងបុគ្គលិកផ្សេងទៀតស្នាក់នៅ៕
