អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh នៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ «សន្តិភាព» ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែង ប៉ុន្តែនឹងមិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួនឡើយ។
សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តអឺរ៉ុប និងអ៊ីស្រាអែល បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានប្រើប្រាស់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាការបិទបាំងដល់កិច្ចប្រឹងប្រែង ដែលព្យាយាមអភិវឌ្ឍសមត្ថភាពផលិតអាវុធ។ តែអ៊ីរ៉ង់បញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។
កាលពីខែតុលា លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នៅពេលដែលទីក្រុងតេអេរ៉ង់ ត្រៀមជាស្រេច ដើម្បីធ្វើដូច្នេះ ដោយបន្ថែមថា «រង្វង់ដៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ (ជាមួយអ៊ីរ៉ង់) គឺបើកចំហហើយ»។

តែយ៉ាងណាក្ដី អំឡុងពេលថ្លែងនៅឯកិច្ចពិភាក្សាយុទ្ធសាស្ត្រ Abu Dhabi លើកទី១២ លោក Khatibzadeh បានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ជូនសារផ្ទុយពីទីក្រុងតេអេរ៉ង់ ជុំវិញការចរចានុយក្លេអ៊ែរតាមរយៈប្រទេសទី៣។ ប្រទេសទាំង២ បានធ្វើកិច្ចចរចានុយក្លេអ៊ែរចំនួន ៥ជុំ មុនមានសង្គ្រាមរយៈពេល ១២ថ្ងៃ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កាលពីខែមិថុនា ដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួមដោយការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗ។
អំឡុងពេលលើកឡើងវិញនូវទស្សនៈរបស់ទីក្រុងតេអេរ៉ង់ លោក Khatibzadeh បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «ក្បត់ការទូត» ហើយការចរចានុយក្លេអ៊ែរ បានបញ្ឈប់ចាប់តាំងពីមានសង្គ្រាមខែមិថុនា។ គម្លាតធំៗនៅតែមាន រវាងភាគីទាំង២ ដូចជាបញ្ហានៃបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅលើដីអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកចង់ឲ្យធ្លាក់ដល់កម្រិតសូន្យ ដើម្បីបន្ថយឲ្យកាន់តែតូចនូវហានិភ័យនៃការធ្វើទំនើបកម្មអាវុធ ជាផែនការដែលទីក្រុងតេអេរ៉ង់បានច្រានចោល៕
