នៅថ្ងៃអង្គារនេះ ក្រុមជួយសង្រ្គោះកូរ៉េខាងត្បូង បានកម្ទេចប៉មអគារចំនួន ២ខ្នង ដោយប្រើប្រាស់គ្រឿងផ្ទុះ ដើម្បីបោសសម្អាតផ្លូវស្វែងរកកម្មករ ២នាក់ ដែលគេជឿថាបានស្លាប់ និងកម្មករបាត់ខ្លួន ២នាក់ទៀត នៅក្រោមគំនរបាក់បែកអគារបាក់ ។
ពួកគេស្ថិតនៅក្នុងចំណោមកម្មករ ៩នាក់ដែលធ្វើការលើអគារដែកដ៏ធំមួយខ្នង ដែលជារោងចក្រកម្តៅលែងប្រើប្រាស់ ស្ថិតក្នុងស្ថានីយ៍ថាមពលនៅទីក្រុង Ulsan ជាការត្រៀមកម្ទេចវាចោល ពេលដែលវាបាក់កាលពីរយៈពេល ៥ថ្ងៃមុន ។

កម្មករ ២នាក់ ត្រូវបានគេជួយសង្រ្គោះភ្លាមៗ ប៉ុន្តែកម្មករ ៧នាក់ផ្សេងទៀត បានជាប់នៅក្រោមគំនរបាក់បែកដែលប្រឈមហានិភ័យនៃការបាក់បន្ថែមទៀត ធ្វើឲ្យរារាំងដល់កិច្ចខិតខំជួយសង្រ្គោះ ។ ចាប់តាំងពីពេលនោះ សាកសពមនុស្ស ៣នាក់ ត្រូវបានរកឃើញ ។
ប៉មអគារ ២ខ្នងដែលនៅជាប់នឹងអគារបាក់ ត្រូវបានគេវាយតម្លៃថា អស្ថិរភាពខ្លាំងក្នុងការអនុញ្ញាតឲ្យក្រុមជួយសង្រ្គោះ ប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ជាហេតុធ្វើឲ្យពន្យឺតប្រតិបត្តិការស្វែងរកកម្មករបាត់ខ្លួន ។
សំណង់អគារ ២ខ្នងនេះ បានបាក់ភ្លាមៗក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយបំផ្ទុះគ្រឿងផ្ទុះ បង្កើតបានជាសំណុំធូលី និងកម្ទេចកម្ទី ៕
