អ្នកនាំពាក្យនគរបាល បានឲ្យដឹងថា ការផ្ទុះមួយ បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៨នាក់រងរបួស នៅខាងក្រៅអគារតុលាការ ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារ (ទី១១ ខែវិច្ឆិកា) នេះ។

អ្នកនាំពាក្យរូបនេះបានបន្តថា អ្នករងរបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយលោកបាននិយាយថា៖ «យើងកំពុងស៊ើបអង្កេតថា តើវាជាការផ្ទុះប្រភេទអ្វី។ វាមិនទាន់ច្បាស់នៅឡើយទេ។ យើងនឹងអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត បន្ទាប់ពីយើងទទួលបានរបាយការណ៍ពីក្រុមធ្វើកោសល្យវិច័យរបស់យើង»។
គួរបញ្ជាក់ថា ការបំផ្ទុះនេះបានកើតឡើងនៅជិតច្រកចូលតុលាការតំបន់ ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាធម្មតាមានមនុស្សកកកុញជាមួយនឹងការដាក់ពាក្យបណ្ដឹងដ៏ច្រើន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីរូបភាពដ៏គួរឲ្យខ្លាចនៃទីតាំងកើតហេតុ ដោយមានបុគ្គលឈាមស្រោចពេញខ្លួនដេកនៅក្បែររថយន្តនគរបាល ជាអ្វីដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយ៕
